បាញ់ប្រហារ ក្នុងធនាគារនៅរដ្ឋកេនថាក់គី បាត់បង់ជីវិត៤នាក់,របួស៩នាក់

បរទេស ៖ មានករណីបុគ្គលិកធនាគារអាយុ ២៣ ឆ្នាំម្នាក់បានបើកការបាញ់ប្រហារនៅកន្លែងធ្វើការរបស់គាត់ កាលពីថ្ងៃចន្ទទី១០មេសាឆ្នាំ២០២៣ នៅទីក្រុងល្វីសវីល (Louisville) ក្នុងរដ្ឋកេនថាក់គី (Kentucky) របស់សហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្សបួននាក់បាត់បង់ជីវិត និង របួស៩នាក់នៅក្នុងការវាយប្រហារផ្សាយផ្ទាល់មុនពេលប៉ូលិសបាញ់លើខ្មាន់កាំភ្លើង ។

ភ្លាមៗនោះប៉ូលិសបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង នៅក្នុងការសម្លាប់រង្គាលចុងក្រោយបង្អស់របស់អាមេរិកថា«ជាបុរសស្បែកសម្នាក់ឈ្មោះ ខុនន័រ ស្ទួចឹន (Connor Sturgeon)» ហើយនិយាយថា «រូបគាត់ជាបុគ្គលិករបស់ធនាគារ Old National Bank ដែលមានទីតាំងនៅកណ្តាលទីក្រុងធំបំផុតរបស់រដ្ឋកេនថាក់គីមួយនេះ»។

បន្ទាប់មកប៉ូលិសបានទទួលរបាយការណ៍អំពីការបាញ់កាំភ្លើងនៅក្នុងធនាគារនៅម៉ោង ៨និង៣៨ ព្រឹក (1238 GMT) ហើយបានទៅដល់កន្លែងកើតហេតុក្នុងពេលបីនាទី។ លោកស្រី ជែកក្វេលីន គ្វីនវីលឡារ៉ូអែល (Jacquelyn Gwinn-Villaroel) មេប៉ូលិសស្តីទីបានប្រាប់សន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃដដែលថា «ជនសង្ស័យបានបាញ់ទៅលើមន្ត្រីប៉ូលិស ដែលបាញ់តបតវិញ ហើយសម្លាប់រូបគេតែម្តង»។

លោកស្រីបាននិយាយថា «ជម្រើសអាវុធរបស់គេគឺកាំភ្លើងវែង»ដោយមិនបញ្ជាក់ថាតើវាជាប្រភេទអាវុធវាយប្រហារឬយ៉ាងណាទេ ដែលវាតែងត្រូវបានប្រើនៅក្នុងការសម្លាប់រង្គាល ដែលបានក្លាយជារឿងសោកសៅជាទូទៅនៅក្នុងសហរដ្ឋអាមេរិក។

លោកស្រីគ្វីនវីលឡារ៉ូអែល បន្តថា «ជនសង្ស័យកំពុងផ្សាយផ្ទាល់ ហើយជាអកុសល វាជាសោកនាដកម្ម ដែលដឹងថាឧបទ្ទវហេតុបានកើតឡើងនៅទីនោះ ហើយត្រូវបានថតជាវីដេអូ»។

អ្នកនាំពាក្យក្រុមហ៊ុន Meta របស់ Instagram បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ក្រុមហ៊ុនកំពុងទាក់ទងជាមួយមន្ត្រីអនុវត្តច្បាប់ ហើយបានលុបចោលការផ្សាយផ្ទាល់នៃឧបទ្ទវហេតុសោកនាដកម្មនេះភ្លាមៗនៅព្រឹកនេះ»។

មិនមានការលើកឡើងភ្លាមៗណាមួយអំពីចេតនារបស់ជនសង្ស័យនោះទេ ប៉ុន្តែទូរទស្សន៍ CNN បានស្រង់ប្រភពសមត្ថកិច្ចដែលនិយាយថា «រូបគេទើបតែទទួលបានដំណឹងថា រូបគេបានបាត់បង់ការងារ»។

លោកស្រីគ្វីនវីលឡារ៉ូអែលបាននិយាយថា អ្នករបួសបីនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រួមទាំងមន្ត្រីប៉ូលិសម្នាក់ ដែលត្រូវគ្រាប់កាំភ្លើងចំក្បាល ដោយបន្ថែមថា មន្ត្រីម្នាក់ទៀតក៏រងរបួសផងដែរ។ មនុស្ស​ដែល​ស្លាប់​មាន​បុរស​អាយុ ៤០ ឆ្នាំ, ៦៣ ឆ្នាំ និង ៦៤ ឆ្នាំ រួមនឹងស្ត្រី​អាយុ ៥៧ ឆ្នាំ​ម្នាក់។

បុរសម្នាក់ក្នុងចំណោមអ្នកស្លាប់នោះគឺលោក ថមមី អែលលៀត (Tommy Elliot) អាយុ ៦៣ ឆ្នាំជាមិត្តភក្តិរបស់អភិបាលក្រុងល្វីសវីលនិងអភិបាលរដ្ឋកេនថាក់គី របស់បក្សប្រជាធិបតេយ្យ។ លោកថមមីធ្លាប់បាន​និយាយ​ថា​«គាត់បាន​ធ្វើ​យុទ្ធនាការបោះឆ្នោត​ចេញ​ពី​អគារ​ដែល​ការ​បាញ់​ប្រហារ​បាន​កើត​ឡើង»៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *