រថយន្តJeep បុកម៉ូតូ២គ្រឿង ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅស្រុកឈូក

កំពត ៖ ស្រ្តីម្នាក់បានបាត់បង់ជីវិត និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូត្រូវរថយន្តបុកពីក្រោយ កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១០-១១១មុខវត្តដីក្រហម ស្ថិតនៅភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ។ 

នគរបាលចរាចរណ៍ស្រុកឈូកបានប្រាប់ឱ្យដឹងថា ស្ត្រីដែលបានបាត់បង់ជីវិត ឈ្មោះ កឹម តុល អាយុ ៥២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងបុរសដែលរងរបួស ឈ្មោះ សំ ពេជ្រ អាយុ ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ដុះ ឃុំស្រុកខាងលើ ។ 

សមត្ថកិច្ចបានបន្តថា មុនហេតុការណ៍កើតឡើង គេឃើញម៉ូតូទាំង២គ្រឿង បើកមកពីទិសខាងលិច លុះដល់ចំណុចកើត ស្រាប់តែមានរថយន្តហ្ស៊ីប បើកមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន រួចបុកម៉ូតូពេញទំហឹងជាបន្តបន្ទាប់ ហើយរថយន្តទៅបុកដើមឈើ ដាច់កង់ខាងមុខ ធ្លាក់ប្រឡាយ ។ 

ជាមួយគ្នានេះ បើតាមពលរដ្ឋបាននិយាយថា រថយន្តមានល្បឿនលឿនខ្លាំង បើកបរដោយបុរសម្នាក់ វ័យប្រហែលជាង៣០ឆ្នាំ ពាក់អាវយឺតស ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅស្នាក់ការ ព្រោះក្រោយកើតហេតុភ្លាមៗ អ្នកបើកបរបានចេញ មកដោះស្លាកលេខទុក រួចអង្គុយក្នុងរថយន្តវិញ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *