បញ្ជូនបុរសចិន២នាក់ទៅតុលាការ ពាក់ពន្ធករណី ប្រើអំពើហិង្សាចាប់ចិនម្នាក់ចងដៃចងជើងស្តុតរុំមាត់

ភ្នំពេញ ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះបានបញ្ជូនជនជាតិចិន២ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីប្រើអំពើហិង្សាដោយមានស្ថានទម្ងន់ទោស ចាប់ជនជាតិចិនដូចគ្នាចងដៃ ចងជើង និងយកស្តុតរុំក្បាលមាត់ បង្ខាំងទុកក្នុងគោលបំណងទុច្ចរិត ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យទាំង២នាក់រួមមាន ១-ឈ្មោះ MA JIAN DONCO ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ មិនពិតប្រាកដ និង២-ឈ្មោះ W ANCO YON FU ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរមិនពិតប្រាកដ ។ពួកគេស្នាក់នៅផ្ទះលេខ៤០ ផ្លូវលេខ១៦mថ្មី ភូមិតិកូបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចបន្តថា សំណុំរឿងខាងលើនេះត្រូវបានស្ថិតនៅលោក ប្លង់ សុផល ព្រះរាជ ជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។ អង្គហេតុនៃការចាប់ខ្លួនជនសង្ស័យទាំង២នាក់ បញ្ជូនទៅតុលាការសមត្តកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា «កាលពីវេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃទី៦ ខែមេសាឆ្នាំ២០២៣ មានប្រជាពលរដ្ឋរស់នៅក្នុងបូរីឈូកវ៉ា២ បានរាយការណ៍ប្រាប់ប៉ូលិសថា មានជនជាតិចិន២ នាក់ ស្នាក់ផ្ទះខាងលើនេះ បានធ្វើសកម្មភាពប្រើប្រាស់អំពើហិង្សា លើបុរសជនជាតិចិនម្នាក់ដោយយកខ្សែចងដៃចងជើង និងយកស្តុតរុំមាត់ រុំក្បាល ដោយធ្វើទារុណកម្មសម្លាប់បំបិទហើយ និងប៉ុនប៉ងដឹកជនរងគ្រោះយកទៅផ្លុងចោលនៅកន្លែងណាមួយ»។

បន្ទាប់ពីមានសេចក្តីរាយការពីប្រជាពលរដ្ឋភ្លាមកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការ និងលោកវរៈសេនីយ៍ទោ ជា សុវណ្ណ អធិការរង ទទួលផ្នែកព្រហ្មទណ្ឌ ព្រមទាំងកម្លាំងជំនាញបានចុះសហការ ជាមួយនគរបាលប៉ុស្ត៍សំរោងក្រោម បើកកិច្ចប្រតិបត្តការ ចុះទៅឃាត់ខ្លនជនសង្ស័យ២ និងបានរំដោះជនរងគ្រោះ ដែលដៃនិងជើងកំពុងជាប់ចំណង ក្បាលរុំជិតដោយស្តុតស្ទើរតែមិនមានជីវិត ។ 

សមត្ថកិច្ចបន្តថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ,ចំណែកជនរងគ្រោះបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ សមត្តកិច្ចក៏បានធ្វើការដកហូតវត្ថុតាង រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង, ម៉ូតូ១ គ្រឿង,ទូរសព្ទ២ គ្រឿង,ស្តុត និងស្បោងខ្មៅមួយចំនួនទៀត ដែលជាមធ្យោបាយរបស់ជនសង្ស័យធ្វើសកម្មភាព ។

 ក្រោយឃាត់ខ្លួនសង្ស័យក្នុងបទល្មើសជាក់ស្តែងនោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនពួកគេទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *