ទោះបីមានការអំពាវនាវសុំសន្តិភាពនៅថ្ងៃបុណ្យអ៊ីស្ទើ តែការវាយប្រហារនៅអ៊ុយក្រែននៅតែបន្ត

បរទេស ៖ មន្ត្រីយោធាអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអាទិត្យទី៩មេសាឆ្នាំ២០២៣ថា ការបាញ់ផ្លោងកាលពីចុងសប្តាហ៍ ដោយកងកម្លាំងរុស្ស៊ីបានបណ្តាលឱ្យជនស៊ីវិលយ៉ាងហោចណាស់ ៧ នាក់បាត់បង់ជីវិត ខណៈសម្តេចប៉ាបហ្វង់ស៊ីសនិងអាចារ្យនៃព្រះវិហារកាន់ធឺបឺរី (Canterbury) ចាស្ទីន វែលប៊ី (Justin Welby) បានប្រើសារនៃពិធីបុណ្យអ៊ីស្ទើ (Easter) របស់ខ្លួន ដើម្បីគូសបញ្ជាក់ពី សង្គ្រាមនៅអ៊ុយក្រែននិងជម្លោះផ្សេងទៀតនៅជុំវិញពិភពលោក។

បើតាមទាហានអ៊ុយក្រែនបានរាយការណ៍ថា«រុស្ស៊ីបានបន្តផ្តោតទៅលើការដណ្តើមយកតំបន់ឧស្សាហកម្មទាំងអស់របស់អ៊ុយក្រែនភាគខាងកើត ខេត្តចំនួនពីរផ្សេងទៀតគឺខាគីវ (Kharkiv) នៅភាគឦសាន និងហ្សាផូសរីហ្សហ្សា(Zaporizhzhia) នៅភាគអាគ្នេយ៍ បានទទួលរងនូវការបាញ់ស្រោចមីស៊ីល រ៉ុក្កែត និងកាំភ្លើងធំ។ 

លោក អូឡេកសាន់ឌឺ ប្រូគូឌីន (Oleksandr Prokudin) អភិបាលនៃតំបន់ឃើសុន (Kherson) បាននិយាយថាសហគមន៍ចំនួនពីរនៅទីនោះ ត្រូវបានវាយប្រហារដោយគ្រាប់បែកពីយន្តហោះចម្បាំងកាលពីល្ងាចថ្ងៃអាទិត្យ ប៉ុន្តែលោកមិនបានរាយការណ៍ភ្លាមៗអំពីជនរងគ្រោះទេ។

លោក អូឡេស ស៊ីនីហ៊ូបូវ (Oleh Syniehubov) អភិបាលខេត្តខាគីវ បាននិយាយថា បុរសពីរនាក់បានបាត់បង់ជីវិតកាលពីថ្ងៃអាទិត្យនៅក្នុងការបាញ់ផ្លោងនៅក្នុងទីក្រុងគូព្យានសខ៍ (Kupiansk) ជាទីក្រុងដែលរុស្ស៊ីកាន់កាប់ មុនពេលកងកម្លាំងអ៊ុយក្រែន បានដណ្តើមការគ្រប់គ្រងស្ទើរតែទាំងអស់នៃខេត្តនេះវិញ។

លោកស៊ីនីហ៊ូបូវបន្តថា ទីក្រុងនេះនៅតែស្ថិតក្រោមការវាយប្រហារនៅយប់ថ្ងៃអាទិត្យ ខណៈកងកម្លាំងរុស្ស៊ីបានកំណត់គោលដៅលើតំបន់លំនៅដ្ឋានជាមួយនឹងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់។ លោកបាននិយាយនៅលើ Telegram ថា នៅកន្លែងផ្សេងទៀតក្នុងខេត្ត បុរសអាយុ ៣០ ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីការបាញ់ផ្លោងរបស់រុស្ស៊ីនៅទីក្រុងឈូហ៊ីវ (Chuhuiv)។

លោក អាណាតូលី គួតេវ (Anatoliy Kurtev) លេខាធិការក្រុមប្រឹក្សាក្រុងបាននិយាយថា ការបាញ់ផ្លោងក៏បានសម្លាប់មនុស្សពីរនាក់នៅយប់ថ្ងៃអាទិត្យផងដែរ ដែលក្នុងនោះម្នាក់ជាកុមារកើតក្នុងឆ្នាំ ២០១២ នៅទីក្រុងហ្សាផូរីហ្សហ្សា។

ចំណែកលោក យូរី ម៉ាឡាស្កូ (Yurii Malashko) អភិបាល​តំបន់ហ្សាផូរីហ្សហ្សាបាន​និយាយ​ថា «សហគមន៍​ចំនួន១៨ ត្រូវ​បាន​​បាញ់​ផ្លោង។ មនុស្ស​បី​នាក់​បាន​បាត់បង់ជីវិត និង​ ៥នាក់​បាន​រង​របួស​កាល​ពី​ថ្ងៃ​សៅរ៍៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *