រោងចក្រ សហគ្រាស​កាត់ដេរ នៅវៀតណាម អស់​ការ​បញ្ជា​ទិញ

បរទេស ៖ រោងចក្រ សហគ្រាស​កាត់ដេរ​ជាច្រើន ​មាន​ការ​បញ្ជា​ទិញ​រហូត​ដល់ត្រឹម​ខែ​មេសា​ឆ្នាំ២០២៣ប៉ុណ្ណោះខណៈកាលពី​ឆ្នាំ​មុន​រោងចក្រ សហគ្រាសទាំងនោះ​មាន​ការបញ្ជាទិញ​ល្មមដើម្បី​រក្សា​ពួកគេ​ឱ្យ​រវល់​យ៉ាង​ហោច​ណាស់​ បានពីរ​ត្រីមាស។

បើតាមអ្នកគ្រប់គ្រងផលិតកម្មនៅសហគ្រាសវាយនភណ្ឌមួយនៅសង្កាត់ធូឌុក (Thu Duc) នៃទីក្រុងហូជីមិញបាននិយាយថា «កាលពីឆ្នាំមុនក្រុមហ៊ុនរបស់គាត់ត្រូវជ្រើសរើសយកការបញ្ជាទិញដើម្បីចុះហត្ថលេខាលើកិច្ចសន្យា ប៉ុន្តែឥឡូវនេះមានការបញ្ជាទិញសម្រាប់តែខែមួយនេះប៉ុណ្ណោះ»។

លោក ខាវ ហ៊ូ ហ៊ីវ (Cao Huu Hieu) អគ្គនាយកនៃក្រុមហ៊ុនវាយនភណ្ឌនិងកាត់ដេរជាតិវៀតណាម (Vinatex) បាននិយាយថា «ស្ថានភាពក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំនេះគឺអាក្រក់ខ្លាំងណាស់។ តម្លៃនៃការបញ្ជាទិញជាច្រើនបានធ្លាក់ចុះ ២-៣ភាគរយ ។ ក្រុម​ហ៊ុន​ទាំង​នោះ​មាន​ការ​បញ្ជា​ទិញ​រហូត​ដល់​ខែ​មេសា ខណៈ​កាល​ពី​ឆ្នាំ​មុន​មាន​ការ​បញ្ជា​ទិញ​រហូត​ដល់​ខែ​ធ្នូ»។

លោក ផាម សួន ហុង (Pham Xuan Hong) ប្រធានសមាគមវាយនភណ្ឌនិងកាត់ដេរនៃទីក្រុងហូជីមិញ បាននិយាយថា «ទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប មិនបានបង្ហាញសញ្ញានៃការងើបឡើងវិញទេ»។

លោកហ៊ីវបន្តថា «ទីផ្សារពិភពលោកអាចធ្លាក់ចុះពី ៧៥០ ពាន់លានដុល្លារមកត្រឹម ៧១២ ពាន់លានដុល្លារសូម្បីតែ៦៨៧ ពាន់លានដុល្លារនៅឆ្នាំនេះ ដែលធ្វើឱ្យវាក្លាយជាគ្រាដ៏លំបាកសម្រាប់ឧស្សាហកម្មនេះ»។

ចំណែកក្រុមហ៊ុនមូលបត្រ VnDirect រំពឹងថា ការបើកដំណើរការឡើងវិញរបស់ចិន នឹងបង្កបញ្ហាប្រឈមដល់ក្រុមហ៊ុនវាយនភណ្ឌវៀតណាមនៅឆ្នាំនេះ។ បច្ចុប្បន្នចិនគឺជាដៃគូប្រជែងដ៏សំខាន់របស់វៀតណាម នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

បើយោងតាមទិន្នន័យពីការិយាល័យវាយនភណ្ឌនិងសម្លៀកបំពាក់អាមេរិក ការនាំចូលវាយនភណ្ឌនិងកាត់ដេរពីប្រទេសចិនកាលពីឆ្នាំមុនបានកើនឡើងដល់ ១៣២ ពាន់លានដុល្លារ ឬ ២៦ភាគរយនៃការនាំចូលទាំងអស់ ដែលធ្វើឱ្យចិនក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុត។ វៀតណាមតាមពីក្រោយនៅចំនួន ១៤,៩ភាគរយ ។

លោក ខាវ ហ៊ូ ហ៊ីវ បាននិយាយថា «ក្រុមហ៊ុនរបស់លោកកំពុងទទួលយកការបញ្ជាទិញក្នុងតម្លៃទាប ដើម្បីរក្សាអតិថិជននិងបុគ្គលិក។ យើងរំពឹងថាទីផ្សារនឹង ងើបឡើងវិញនៅឆមាសទីពីរនៃឆ្នាំនេះដើម្បីទូទាត់សងសម្រាប់ឆមាសទីមួយ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *