ចូលមកបំភ្លឺនិងសុំទោស ឯកឧត្តម រ័ត្ន ស្រ៊ាង តែហាក់មួរម៉ៅអន់ចិត្តនឹងអ្នកសារព័ត៌មាន

ភ្នំពេញ ៖  បុរសដែលបានប្រើប្រាស់ឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានអាវុធហត្ថភ្នំពេញ ហៅចូលបំភ្លឺនិងអប់រំណែនាំហើយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ 

តាមការបំភ្លឺរបស់បុគ្គលខាងលើ ដែលមានឈ្មោះថា ពន្លក ហៅបារាំង ជាម្ចាស់ភោជនីយដ្ឋាន ឋានសួគ៌ក្រោមមេឃ បានលើកឡើងថា រូបខ្លួនមិនធ្លាប់ស្គាល់និងមិនធ្លាប់ជួប ឯកឧត្តម រ័ត្ន ស្រ៊ាង ទេ គ្រាន់តែដឹងថា ឯកឧត្តម រ័ត្ន ស្រ៊ាង ជាបុគ្គលមួយដែលល្បី ដែលជួយប្រជាជនច្រើន ហើយលើកដៃសំពះសុំអភ័យទោស ពីឯកឧត្តម ដែលធ្វើឱ្យប៉ះពាល់កិត្តយស ។  

លោកបារាំងក៏បានរៀបរាប់ ជាវីដេអូនៅលើផេក អាវុធហត្ថភ្នំពេញ ពីដំណើរដើមទងហេតុការណ៍នោះ តែលោកមិនអស់ចិត្តជាមួយអ្នកសារព័ត៌មាន ដែលកាត់ខ្លីបវីដេអូរបស់លោក បង្កឱ្យផ្អើលបែបនេះ ។ សូមបងៗសារព័ត៌មាន បើសិនមានរឿងតូចល្មមៗសូមបងៗគួរតែគិតដល់កិត្តិយស និងកេរ្ត៍ឈ្មោះ គេផង ។ រឿងនោះដោះស្រាយគ្នាចប់ហើយ ម៉េចបានទៅកាត់ផុសបែបនេះ ? ។ 

យើងក្រឡេកមកមើលការរិះគន់មហាជនភ្លូកទឹកភ្លូកដីវិញ គឺភាគច្រើនបំផុត មិនមែនផ្ដោតលើករណីគ្រោះថ្នាក់ចរាចរនោះទេ គឺផ្ដោតសំខាន់ការប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ មកប្រើប្រាស់ខុសពេលវេលា មកប្រើប្រាស់ ក្នុងន័យគំរាមកំហែងជនដទៃ ដែលពលរដ្ឋគ្រប់រូបស្អប់បំផុត ។ ឥឡូវលោកបារាំងបំភ្លឺហើយ ការប្រើឈ្មោះឯកឧត្ដម រ័ត្ន ស្រ៊ាងនោះ ដើម្បីឆាប់ចប់បញ្ហាជាមួយក្មេងនោះប៉ុណ្ណោះ ៕ ដោយ ៖ គា សំណាង

Leave a Reply

Your email address will not be published. Required fields are marked *