ខ្លាំងប៉ះខ្លាំងធំប៉ះធំ បុកគ្នាលើស្ពានស្លាប់តៃកុងម្នាក់

តាកែវ ៖ តៃកុងម្នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តធន់ធំបុកគ្នានៅលើស្ពាន កាលពីវេលាម៉ោង៥និង៤០នាីល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ផ្លូវខេត្ត លេខ១២៩ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ៣-៤ ក្នុងភូមិស្លាខាងលិចឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។ 

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះរវាងរថយន្តសណ្តោងរ៉ឺម៉ក ម៉ាកហាន់ដាយ ពណ៌ត្រួយចេក ពាក់ផ្លាកលេខ តាកែវ 3A-2077 បើកបរដោយឈ្មោះ សុទ្ធ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់)  និងរថយន្តដឹកថ្ម ម៉ាកនីសាន់ ព៌ណស្វាយចង្កូតស្តាំ ពាក់ផ្លាកលេខចង្កូតស្តាំ KPS 0817 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(រងរបួសស្រាល) រត់បាត់។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ រថយន្តសណ្តោងរ៉ឺម៉ក ធ្វើដំណើរទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានទៅបុកជាមួយនឹងរថយន្តបែនដឹកដី ដែលមកពីទិសផ្ទុយគ្នាពេញ មួយទំហឹងបានបណ្តាលឱ្យបាត់បង់ជីវិតតែម្ដង ។ 

សមត្ថកិច្ចបញ្ជាក់ពីមូលហេតុ បណ្តាលមកពីរថយន្តសណ្តោងរឺម៉កបើកបរលឿន និងមិនគោរពសិទ្ធិអាទិភាព។ បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *