បន្ទាប់ពីមានការបាញ់ស្រោចរ៉ុក្កែត ចេញពីទឹកដីលីបង់ ទាហានអ៊ីស្រាអែល វាយប្រហារហ្គាហ្សា

បរទេស ៖ ទាហានអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៦មេសា ឆ្នាំ២០២៣ បន្ទាប់ពីបានប្តេជ្ញាសងសឹកចំពោះការបាញ់ស្រោចគ្រាប់រ៉ុក្កែតឆ្លងព្រំដែនចេញពីប្រទេសលីបង់ ដែលខ្លួនស្តីបន្ទោសទៅលើក្រុមបក្ខពួកប៉ាឡេស្ទីនជាច្រើនក្រុម។

ចំពោះភាព​តានតឹង​បាន​កើន​ឡើង​រវាង​អ៊ីស្រាអែលនិង​ប៉ាឡេស្ទីន ​ក្នុង​អំឡុង​បុណ្យផាស់អូវើ (Passover) ​របស់​ជនជាតិ​ជ្វីហ្វ និង ​ខែ​ពិសិដ្ឋ​នៃ​បុណ្យ​រ៉ាម៉ាដន របស់មូស្លីម ជាហេតុ​ជំរុញ​ឱ្យ​មាន​ការ​ថ្កោលទោសនិង​ការអំពាវនាវ​ឱ្យ​មាន​ការ​អត់ធ្មត់​ពី​បរទេស។

ការផ្ទុះឡើងនៃអំពើហិង្សាចុងក្រោយបំផុតនេះ បានកើតឡើងបន្ទាប់ពីប៉ូលិសអ៊ីស្រាអែល បានប៉ះទង្គិចគ្នាកាលពីថ្ងៃពុធជាមួយជនជាតិប៉ាឡេស្ទីននៅខាងក្នុងវិហារអ៊ីស្លាម Al-Aqsa នៃក្រុងហ្ស៊េរុយសាឡិម ជាកន្លែងទីសក្ការៈស័ក្តិសិទ្ធបំផុតទីបីរបស់សាសនាអ៊ីស្លាម។

ទាហានអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រ៉ុក្កែតចំនួន៣៤គ្រាប់ត្រូវបានបាញ់ចេញពីទឹកដីលីបង់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងភាពតានតឹងដ៏ធំបំផុតនៅតាមបណ្តោយព្រំដែនចាប់តាំងពីអ៊ីស្រាអែលនិងក្រុមហេសប៊ូឡាបានប្រយុទ្ធគ្នាក្នុងសង្គ្រាមរយៈពេល៣៤ថ្ងៃ ក្នុងឆ្នាំ ២០០៦។

លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយក​រដ្ឋមន្ត្រី អ៊ីស្រាអែល បាន​ប្តេជ្ញា​ថា «សត្រូវ​របស់​អ៊ីស្រាអែល​នឹង ត្រូវបង់នូវតម្លៃសម្រាប់​រាល់​ទង្វើ​ឈ្លានពានទាំងឡាយ»។ បន្តិចក្រោយមក អ្នកកាសែត AFP បានឮសំឡេងផ្ទុះនៅតំបន់ហ្គាហ្សាស្ទ្រីប។

ទាហានអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្លួនបាន វាយប្រហារផ្លូវរូងក្រោមដីចំនួនពីរ និងកន្លែងផលិតអាវុធចំនួនពីរ ដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស់ ជាការឆ្លើយតបទៅនឹងការរំលោភសន្តិសុខរបស់ពួកហាម៉ាសក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ»។ ការ​វាយឆ្មក់​នេះ​ត្រូវ​បាន​បន្តតាមពីក្រោយ​ដោយ​កាំជ្រួច​ជាច្រើន​គ្រាប់​ដែល​បាញ់​ចេញពី​តំបន់​ហ្គាហ្សា​ឆ្ពោះទៅ​កាន់​អ៊ីស្រាអែល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់បាននិយាយថា «អ៊ីស្រាអែល ទទួលខុសត្រូវចំពោះការឈ្លានពាននេះនិងផលវិបាករបស់វា ហើយបានអំពាវនាវឱ្យក្រុមប៉ាឡេស្ទីនទាំងអស់រួបរួមគ្នាប្រឆាំងនឹង ការកាន់កាប់»។

ទាហានអ៊ីស្រាអែលបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតចំនួន ២៥ គ្រាប់ដែលបានបាញ់ចេញ និង ៥ គ្រាប់ទៀតបានធ្លាក់ក្នុងទឹកដីអ៊ីស្រាអែល។ អ្នកនាំពាក្យកងទ័ពលោកវរសេនីយ៍ឯក រីឆាតហេច (Richard Hecht) បានស្តីបន្ទោសក្រុមប៉ាឡេស្ទីនចំពោះការវាយប្រហារនេះ។

លោកបានប្រាប់អ្នកយកព័ត៌មានថា «យើងដឹងច្បាស់ថាវាជាការបាញ់របស់ប៉ាឡេស្ទីន។ វាអាចជាក្រុមហាម៉ាស់ វាអាចជាក្រុមជីហាតអ៊ីស្លាម យើងនៅតែព្យាយាមកំណត់ឱ្យដឹង ប៉ុន្តែវាមិនមែនជាក្រុមហេសប៊ូឡាទេ»។

លោកបានបន្ថែមថា «យើងសន្មត់ថា ហេសប៊ូឡាបានដឹងអំពីវា ហើយលីបង់ក៏មានទំនួលខុសត្រូវខ្លះដែរ។ យើងក៏កំពុងស៊ើបអង្កេតថាតើអ៊ីរ៉ង់មានជាប់ពាក់ព័ន្ធឬក៏អត់នោះដែរ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *