ឃាត់បុរសម្នាក់បន្លំជាគ្រូ នាំកុមារីជាសិស្សម្នាក់ ទៅរកផ្ទះសំណាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពរំលោភទៅលើកុមារីរងគ្រោះអាយុ ១៣ឆ្នាំ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ,នគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការកាពារកុមារហៅកាត់ CPU ធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ ។

កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេតសាវឿន អគ្គស្នង ការនគរបាលជាតិ និង បញ្ជាដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ  យ៉ាងយកចិត្តទុកដាក់ ។ ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋាននគបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំសហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ,នគរបាលពោធិ៍សែនជ័យ និង អង្គការកាពារកុមារហៅកាត់ CPU បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យម្នាក់បានសម្រេច។

សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ជា ធារិត ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ បានជិះម៉ូតូទៅទិញទឹកក្រឡុក នៅបុរីឈូកវ៉ា២ ក្នុងខណ្ឌពោធិ៍សែនជ័យ របស់ម្ដាយកុមារីរងគ្រោះ ហើយជនសង្ស័យព្រមទាំងបានក្លែងខ្លួនជាគ្រូបង្រៀន ហើយបានអះអាងប្រាប់ម្ដាយកុមារីរងគ្រោះថា «ខ្លួនជាគ្រូបង្រៀន និងមានវិញ្ញាសារប្រឡងថ្នាក់ទី៩»។ បន្ទាប់មកម្ដាយកុមារីរងគ្រោះ មានការជឿទុកចិត្ត ក៏បានទាក់ទងទៅឈ្មោះ ជា ធារិត មកបង្រៀនកូនស្រីកាត់។ 

សមត្ថកិច្ចបន្តថា លុះដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ ជា ធារិត បានមកទាក់ទងមកឪពុកកុមារីរងគ្រោះជាច្រើនដង ដើម្បីឱ្យកុមារីរងគ្រោះយកវិញ្ញាសារប្រឡងថ្នាក់ទី៩ ហើយឈ្មោះ ជា ធារិត ក៏បានជិះម៉ូតូទៅយកកុមារីរងគ្រោះពីចំណុចសាលាវិទ្យាល័យ ភ្នំពេញថ្មី ហើយដឹកទៅសាលាវិទ្យាល័យជម្ពូវ័ន ដើម្បីយកវិញ្ញាសា។ ស្រាប់តែពេលនោះឈ្មោះ ជា ធារិត បានដឹកកុមារីរងគ្រោះទៅទីតាំងផ្សេងទៅវិញ ហើយប្រាប់ទៅកាន់កុមារីរងគ្រោះថា «ខ្លួនដឹកកុមារីរងគ្រោះទៅយកវិញ្ញាសានៅម្ដុំវត្តតាំងក្រសាំងខាងត្បូងវិញ។

ពេលមកដល់វត្តតាំងក្រសាំងខាងត្បូងឈ្មោះ ជា ធារិត បានរុញកុមារីរងគ្រោះចូលក្នុងបន្ទប់ទឹកចាស់មួយកន្លែង ដែលស្ថិតនៅក្នុងវត្តតាំងក្រសាំងខាងត្បូង ហើយបានយកកូនកាំបិតគំរាមទៅកាន់កុមារីរងគ្រោះដើម្បីធ្វើសកម្មភាពរំលោភតែមិនបានសម្រេច ។ បន្ទាប់មកពេលធ្វើសកម្មភាពរួចឈ្មោះ ជា ធារិត បានគំរាមទៅកាន់កុមារីរងគ្រោះថា «កុំឱ្យស្រែក បើហ៊ានស្រែក ខ្លួននឹងចាក់សម្លាប់»។

សមត្ថកិច្ចបន្តថា បន្ទាប់មកឈ្មោះ ជា ធារិត បានដឹកកុមារីរងគ្រោះទៅទីតាំងហាងបញ្ចាំ ដើម្បីបញ្ចាំទូរសព្ទរបស់ខ្លួនព្រមទាំងបានបញ្ចុះបញ្ចូលកុមារីរងគ្រោះឱ្យចូលផ្ទះសំណាក់ជាមួយខ្លួន តែកុមារីរងគ្រោះបានប្រកែកមិនព្រមចូលនោះទេ ហើយឈ្មោះ ជា ធារិត ក៏បានដឹកកុមារីរងគ្រោះទៅកាន់ទីតាំងសាលាវិទ្យាល័យភ្នំពេញថ្មីវិញ រួចគេចខ្លួនបាត់តែម្ដង។ 

សមត្ថកិច្ចបន្តទៀតថា លុះមកដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួនឈ្មោះ ជា ធារិត នៅចំណុចហាងបញ្ចាំដែលមានទីតាំងស្ថិតនៅ ភូមិទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នឹងបាននាំជនល្មើសឈ្មោះ ជា ធារិត មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងបានប្រគល់ជនល្មើសខាងលើជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *