លួចឡានបានហើយ មិនដឹងបើកទៅណា ពលរដ្ឋតាមទាន់បើករត់ក្រឡាប់នៅវាលស្រែ

តាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចចាប់ខ្លួនបាន កាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹក នៅផ្លូវជាតិលេខ២៣ ក្នុងភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តកាកែវ ។

តាមព័ត៌មានបឋមពីពលរដ្ឋបានឱ្យដឹងថា ជនសង្ស័យបានលួចរថយន្តមួយគ្រឿង ជាប្រភេទឡានបែន ចំណុះ៥តោន នៅវេលាទៀបភ្លឺ លុះព្រឹកភ្លឺឡើងថ្ងៃខែដដែល ពោលក្រោយលួចបានជិត៣ម៉ោង ពលរដ្ឋក៏ប្រទះឃើញ នាំគ្នាដេញតាមចាប់ រួចជនសង្ស័យបើកកាន់តែលឿន បំណងចុះតាមវាលស្រែដើម្បីរត់គេ ក៏ក្រឡាប់រថយន្តផ្ងារជើង ។ ភ្លាមៗ ជនសង្ស័យបានរត់ កាត់តាមវាលស្រែសម្ដៅទៅចំណុចបឹងបត់រកា តែរត់មិនរួច ដោយសារពលរដ្ឋនិងសមត្ថកិច្ច នគរបាលស្រុកសំរោង រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំរវៀង ឃុំស្លា និងឃុំសំរោង ព័ទ្ធចាប់បាន ។ 

 ពេលនេះជនសង្ស័យ ត្រូវបានអធិការដ្ឋាន នគរបាលស្រុកបាទី ជាម្ចាស់ករណី មកទទួលយកទៅចាត់ចែងតាមនីតិវិធីច្បាប់រួចហើយ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *