កូរ៉េខាងជើង ហៅសមយុទ្ធរវាងអាមេរិក និង កូរ៉េខាងត្បូងកំពុងរុញភាពតានតឹងខិតទៅរកសង្គ្រាមនុយក្លេអ៊ែរ

បរទេស ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង បាននិយាយថា កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ទី៦មេសាឆ្នាំ២០២៣ បានចោទប្រកាន់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងថា បានបង្កើនភាពតានតឹងដល់កម្រិតជិតទៅរកសង្គ្រាមនុយក្លេអ៊ែរ តាមរយៈសមយុទ្ធយោធារួមគ្នារបស់ពួកគេដែលពាក់ព័ន្ធនឹងគ្រឿងសព្វាវុធយុទ្ធសាស្ត្ររបស់អាមេរិក ដោយប្តេជ្ញាថានឹងឆ្លើយតបជាមួយនឹង «សកម្មភាពវាយលុក»។

KCNA បានចេញផ្សាយការអត្ថាធិប្បាយដោយលោក ឆូ ជូ យុន (Choe Ju Hyon) ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងហៅថា«អ្នកវិភាគសន្តិសុខអន្តរជាតិមួយរូប ដោយរិះគន់សមយុទ្ធនេះថាជា ការរុញឱ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េឈានដល់ចំណុចផ្ទុះ»។

អត្ថបទរបស់ឆូ ជូ យុន ខាងលើនេះ បាននិយាយថា «ភាពច្របូកច្របល់ក្នុងការប្រឈមមុខដាក់គ្នាខាងយោធាដោយមិនប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិក និងអ្នកដើរតាមរបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង កំពុងរុញឱ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េឈានទៅរកមហន្តរាយដែលមិនអាចកែត្រឡប់វិញបាន … រហូតដល់ការរកកល់ផ្ទុះសង្រ្គាមនុយក្លេអ៊ែរ»។

KCNA បានបន្តថា ឥឡូវនេះសហគមន៍អន្តរជាតិសង្ឃឹមជាឯកច្ឆ័ន្ទថាពពកខ្មៅងងឹតនៃសង្គ្រាមនុយក្លេអ៊ែរដែលព្យួរនៅលើឧបទ្វីបកូរ៉េនឹងត្រូវដកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

ចំណែកកងកម្លាំងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបាននិងកំពុងធ្វើសមយុទ្ធនិទាឃរដូវប្រចាំឆ្នាំជាបន្តបន្ទាប់ចាប់តាំងពីខែមីនា រួមទាំងសមយុទ្ធជើងអាកាសនិងសមុទ្រដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះអាមេរិកនិងយន្តហោះទម្លាក់គ្រាប់បែក B-1B និង B-52 និងសមយុទ្ធឡើងគោកពីសមុទ្រខ្នាតធំជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ។

ឯកូរ៉េ​ខាង​ជើង​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខឹងសម្បា​ចំពោះ​សមយុទ្ធ​នេះ ដោយ​ហៅ​វា​ថា​ជា​«ការ​ហាត់សម​សម្រាប់​ការ​ឈ្លានពាន»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *