ឯកឧត្តម ចាន់ សំមុនី សហការជាមួយអាជ្ញាធរសង្កាត់ជ័យជំនះ ចែកអំណោយជូន១២០គ្រួសារ

ភ្នំពេញ ៖ ឯកឧត្តម ចាន់ សំមុនី ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានប្រតិបត្តិ នៃក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្ត គាំទ្រគណបក្សប្រជាជន នាព្រឹកថ្ងៃពុធ ទី៥ ខែមេសា​ ឆ្នាំ២០២៣ បានរៀបចំធ្វើពិធីសប្បុរសធម៌ ចែកអំណោយជូនប្រជាពលរដ្ឋ ក្រោមការចូលរួមសម្របសម្រួល ពីក្រុមយុវជនស្ម័គ្រចិត្តកម្ពុជា និងចូលរួមសហការជាមួយ អាជ្ញាធរសង្កាត់ជ័យជំនះ ចែកជូនអ្នកមានជីវភាពខ្វះខាត ចាស់ជរា និងជនពិកា ។ 

ក្នុងពិធីចែកអំណោយនោះដែរ លោក លី ​សុខគ្រី ចៅសង្កាត់ជ័យជំនះ តំណាងឱ្យអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណ ដល់ក្រុមយុវជនស័្មគ្រចិត្ត ដែលបានយកអំណោយមកចែកជូន ដល់ប្រជាពលរដ្ឋដែលកំពុងតែជួបនូវការលំបាក នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយសប្បុរសធម៌ និងអាជ្ញាធរ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្វល់ខ្វាយ ពីសុខទុក្ខប្រជាជននៅក្នុងមូលដ្ឋាន ។ ទោះអំណោយនោះ តិចក្ដី ច្រើនក្ដី វាបានបង្ហាញពីទឹកចិត្តដ៏ល្អប្រពៃ ។ 

សូមជម្រាបថា អំណោយដែលទទួលបានពីម្ចាស់សប្បុរសធម៌ ចែកនៅពេលនេះ ចំនួន១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន នូវអង្ករ៥គីឡូក្រាម​ មី១កេស ទឹកត្រី​ ទឹកសុីអុីវ​ នឹងថវិកាចំនួន ២០,០០០រៀល ( ពីរម៉ឺនរៀល ) ដើម្បីជួយសម្រាលទុក្ខលំបាកមួយគ្រាក្នុងអំឡុងពេលកំពុងជួបការខ្វះខាត ៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *