ល្បឿនចង់ហោះ រថយន្តបុករថយន្តនៅផ្លូវបែកជាបួន ក្រុងសៀមរាប

សៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត រេងរ៉ូវើ បុករថយន្ត វីហ្គោ កាលពីវេលាម៉ោង២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី3 ខែមីនា ឆ្នាំ2023 ស្ថិតនៅចំណុចផ្លូវបំបែកជា៤ វត្តបូព៌ ជិតហាងបន្ទាយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ 

រថយន្តបង្កម៉ាក រេងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-6681 បុករថយន្ត វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7000 ។ 

តាមប្រភពបានឲ្យដឹងថា រថយន្តរេងរ៉ូវើ ធ្វើដំណើរ ទិសដៅពីស្តុបកោះកេរ្តិ៍ ឆ្ពោះទៅកាន់ស្តុបវត្តដំណាក់ ក្នុងស្ថានភាពល្បឿនលឿន ឯរថយន្តវីហ្គោ ធ្វើដំណើរ ទិដៅពីស្ពានវត្តបូព៌ឆ្ពោះទៅកាន់វត្តបូព៌ ក្នុងល្បឿនលឿនមធ្យមដែរ លុះមកដល់ចំណុចផ្លូវបំបែកជាបួន រថយន្តទាំង២ មិនបានបន្ថយល្បឿនមើលឆ្វេងស្ដាំ ក៏បង្កជាគ្រោះថ្នាក់ រថយន្តរេងរ៉ូវើ បុករថយន្តវីហ្គោ ប៉ើងដូចសំឡី ហើយរថយន្តរេងរ៉ូវើ បន្តទៅបុកម៉ូតូមួយគ្រឿង កំពុងចតនៅមុខហាងបន្ទាយ និងរបងហាង ។ 

ប្រភពបានបន្តថា ក្រោយកើតហេតុភ្លាមៗ ជនបង្កបានដោះ កាមេរ៉ាចេញពីរថយន្តរបស់ខ្លួន រួចរត់គេចចេញពីកន្លែងកើតហេតុបាត់ ឯអ្នកបើកបររថយន្តវីហ្គោរងរបួសស្រាល ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការចុះវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *