បណ្តាប្រទេសណាតូ សម្លឹងជួយអ៊ុយក្រែន ថែមទៀត ព្រោះគ្មានពន្លឺសន្តិភាព

បរទេស ៖ លោក ជែន ស្តូលធិនបឺក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បាននិយាយកាលពីថ្ងៃចន្ទទី៣មេសាឆ្នាំ២០២៣ម្សិលមិញថា សម្ពន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនបានបញ្ជូនជំនួយយោធា ៧០ ពាន់លានដុល្លារដល់ប្រទេសនេះ ដើម្បីជួយទប់ស្កាត់ការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី  ហើយដោយគ្មានពន្លឺនៃការចរចាសន្តិភាព សម្ពន្ធមិត្តកំពុងត្រៀមបញ្ជូនជំនួយបន្ថែមទៀត។

លោកស្តូលធិនបឺក បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងព្រុចសែលថា «យើងមិនអាចអនុញ្ញាតឱ្យរុស្ស៊ីបន្តរញ៉េរញ៉ៃចំពោះសន្តិសុខអឺរ៉ុបបានទេ ហើយមិនមានសញ្ញាណាមួយថា (ប្រធានាធិបតីរុស្ស៊ី) វ៉្លាឌីមៀ ពូទីន ត្រៀមខ្លួនសម្រាប់សន្តិភាពទេ។ គាត់កំពុងត្រៀមសង្រ្គាមបន្ថែមទៀត»។

លោកស្តូលធិនបឺក បានបន្តថា «កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុងព្រុចសែលនៅថ្ងៃអង្គារនេះ នឹងពិភាក្សាអំពីរបៀបដែលយើងអាចបង្កើនការគាំទ្ររបស់យើង រួមទាំងតាមរយៈការបន្តពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន។ ការគាំទ្ររបស់យើងគឺសម្រាប់រយៈពេលវែង»។

ចំណែកក្រុមអ្នកវិភាគសង្ស័យថា លោកពូទីនគ្រោងនឹងជីកលេណដ្ឋាននិងទប់ទល់នឹងលទ្ធភាពវាយលុករបស់អ៊ុយក្រែននៅប៉ុន្មានខែខាងមុខ ដោយសង្ឃឹមថា ការគាំទ្រដ៏ថ្លៃរបស់បស្ចិមប្រទេសសម្រាប់រដ្ឋាភិបាលក្រុងគៀវនឹងរលត់ទៅវិញ៕(ប្រែសម្រួលដោយលោក សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *