TikTok កំពុងត្រូវបានហាមឃាត់ច្រើនឡើង នៅតាមបណ្តាប្រទេសលោកខាងលិច

បរទេស ៖ TikTok បានជួបឧបសគ្គថ្មី កាលពីថ្ងៃអង្គារទី៤មេសា ឆ្នាំ២០២៣ ខណៈប្រទេសអូស្ត្រាលីបានចូលរួមក្នុងបញ្ជីប្រទេសលោកខាងលិចដែលហាមឃាត់កម្មវិធីដែលគ្រប់គ្រងដោយចិនមួយនេះ ពីឧបករណ៍របស់រដ្ឋាភិបាលហើយចក្រភពអង់គ្លេស ក៏បានពិន័យវាសម្រាប់ការអនុញ្ញាតឱ្យកុមារអាយុក្រោម ១៣ ឆ្នាំប្រើប្រាស់បណ្តាញសង្គមមួយនេះ។

ចំពោះកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមនេះ បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងនៅក្នុងបណ្តាប្រទេសលោកខាងលិច ដោយសហរដ្ឋអាមេរិកបានជំរុញឱ្យ TikTok បំបែកចេញពីក្រុមហ៊ុនមេរបស់ចិនគឺ Bytedance ។

បើតាមនិយតករទិន្នន័យរបស់ចក្រភពអង់គ្លេស បាននិយាយថា «ខ្លួនបានពិន័យ TikTok ចំនួន ១២,៧ លានផោន(១៥,៩ លានដុល្លារ) សម្រាប់ការអនុញ្ញាតឱ្យកុមារអាយុក្រោម ១៣ ឆ្នាំរហូតដល់ ១,៤ លាននាក់ប្រើប្រាស់វេទិកានេះដោយបំពានច្បាប់របស់ខ្លួន»។

ចំណែកការិយាល័យស្នងការព័ត៌មាន (ICO) បាននិយាយថា «ក្រុមហ៊ុនដែលគ្រប់គ្រងដោយចិននេះ បានបំពានច្បាប់របស់ចក្រភពអង់គ្លេស ដោយខកខានក្នុងការទទួលបានការយល់ព្រមពីឪពុកម្តាយ ឬ អាណាព្យាបាលក្នុងការប្រើប្រាស់ទិន្នន័យរបស់កុមារ បន្ទាប់ពីពួកគេបានបង្កើតគណនី ទោះបីជានៅក្មេងល្ហក់ពេកក៏ដោយ។

លោក ចន អេដវ៉ាដ (John Edwards) ស្នងការព័ត៌មាន បាននិយាយថា «ទិន្នន័យរបស់កុមារ ប្រហែលជាត្រូវបានប្រើប្រាស់ដើម្បីតាមដានពួកគេ និងបង្ហាញព័ត៌មានអំពីពួកគេ ដែលអាចផ្តល់នូវគ្រោះថ្នាក់ និងមាតិកាមិនសមរម្យនៅក្នុងវីដេអូបន្តបន្ទាប់របស់ពួកគេ»

លោកបាននិយាយបន្តថា មានច្បាប់នៅនឹងកន្លែងដើម្បីធ្វើឱ្យប្រាកដថាកូនៗរបស់យើងមានសុវត្ថិភាពនៅក្នុងពិភពឌីជីថលដូចដែលពួកគេស្ថិតក្នុងពិភពរូបវន្តដែរ។ TikTok មិន​បាន​គោរព​ច្បាប់​ទាំង​នោះ​ទេ។ លក្ខខណ្ឌនៃសេវាកម្មរបស់កម្មវិធីនេះមិនអនុញ្ញាតឱ្យកុមារអាយុក្រោម ១៣ ឆ្នាំបង្កើតគណនីទេ។

កាលពីខែមុន ក្រុមឃ្លាំមើលការប្រកួតប្រជែងរបស់អ៊ីតាលីបានបើកការស៊ើបអង្កេតលើ TikTok ចំពោះការខកខានក្នុងការអនុវត្តច្បាប់របស់ខ្លួនលើការដកចេញនូវ “ខ្លឹមសារគ្រោះថ្នាក់” ដែលទាក់ទងនឹងការធ្វើអត្តឃាត និងការធ្វើបាបខ្លួនឯង។ ចំណែកឯTikTok បានជំទាស់នឹងការរកឃើញរបស់ ICO ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងបន្តពិនិត្យមើលការសម្រេចចិត្តនេះ ហើយកំពុងពិចារណាជំហានបន្ទាប់។ យើងបានបណ្តាក់ទុន យ៉ាងច្រើនដើម្បីទប់ស្កាត់ក្មេងអាយុក្រោម ១៣ ឆ្នាំពីវេទិកានេះហើយក្រុមសុវត្ថិភាពរបស់យើងចំនួន ៤០.០០០ នាក់ធ្វើការ២៤ម៉ោងលើ២៤ម៉ោងដើម្បីជួយរក្សាវេទិកានេះឱ្យមានសុវត្ថិភាពសម្រាប់សហគមន៍របស់យើង»។

យ៉ាងណា TikTok បានស្វាគមន៍ការសម្រេចចិត្តរបស់ ICO ក្នុងការដកចេញនូវការផាកពិន័យ ២៧ លានផោន ដែលនិយតករនេះបានព្រមានពីមុនថា ខ្លួនអាចនឹងដាក់ចេញ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *