លម្អិតករណីចាប់ចិន៣នាក់ វាយកញ្ចក់រថយន្តលួចទ្រព្យ និងលួចស្លាកលេខរថយន្ត

ព្រះសីហនុ ៖ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងបទល្មើស វាយកញ្ចក់រថយន្តលួចយកលុយ និងសម្ភារៈមានតម្លៃ និងលួចយកផ្លាកលេខរថយន្ត ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន នៅវេលាម៉ោង ០៨និង ៣០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ ជាជនជាតិចិន ១-ឈ្មោះSHEN AO អាយុ៤៣ឆ្នាំ ទី២-ឈ្មោះ JIN CHANGGE អាយុ៥៦ឆ្នាំ និងទី៣-ឈ្មោះ LI HONGYUAN អាយុ៥៦ឆ្នាំ។ វត្ថុតាងចាប់យកបានរួមមាន លុយខ្មែរចំនួន ២០,០០០,០០០៛ “ម្ភៃលានរៀល” (ផលនៃអំពើចោរកម្ម ) លុយប្រទេសអាស៊ានចំរុះគ្រប់ប្រភេទមួយចំនួន (ផលនៃអំពើចោរកម្ម) ផ្លាកលេខរថយន្ត ០២គូ (ផលនៃអំពើចោរកម្ម)៖ ១-បាត់ដំបង 2D-9008 ២-កែប 2B-2122 និងរថយន្ត ០១គ្រឿង ម៉ាក TOYOTA CAMRY ស៊េរីឆ្នាំ២០០៧ ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BH-1287 (មធ្យោបាយ) រួមនឹងសម្ភារៈវត្ថុតាងមួយចំនួនទៀត ។ 

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពសរុបចំនួន០៥ករណី ក្នុងនោះមាន ៖ វាយកញ្ចក់រថយន្តលួចយកកាបូបលុយ និងសម្ភារៈចំនួន ០៣លើក ៖  លើកទី១ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់៣ ។ លើកទី២ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៣ នៅចំណុចឆ្នេរអូរត្រេះ ស្ថិតនៅ ភូមិ៦ សង្កាត់៤ ។ លើកទី៣ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ ស្ថិតនៅ ភូមិ៣ សង្កាត់៣ ។ 

និងលួចដោះយកផ្លាកលេខរថយន្តចំនួន ០២លើក៖ លើកទី១ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ លួចយកផ្លាកលេខរថយន្តមួយគូ (កែប 2B-2122) នៅចំណុចក្រុមទី៨ ភូមិ២ សង្កាត់៤ ។ លើកទី២ នៅអំឡុងចុងខែមីនា ឆ្នាំ២០២៣ លួចយកផ្លាកលេខរថយន្តមួយគូ (បាត់ដំបង 2D-9008) នៅខេត្តបាត់ដំបង ។ ជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *