ចាប់បានហើយ ក្រុមវាយកញ្ចក់ឡានលួចកាបូបនៅឆ្នេរអូត្រេះ និងលួចស្លាកលេខ

ព្រះសីហនុ ៖ យោងតាមព័ត៌មានបឋមនៅវេលារសៀលមុននេះបន្តិច លោកឧត្ដមសេនីយទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមលួចកាច់ស្លាកលេខរថយន្ត​ និងវាយបំបែកកញ្ចក់រថយន្ត អស់ចំនួន 3គ្រឿងផ្ទួនៗគ្នា លួចយកសម្ភារៈអ្នកដទៃ បង្ក្រាបបានហើយ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ។ 

ក្រោយមានករណីកើតហេតុផ្ទួនៗគ្នា កាលពីថ្ងៃទី២និងទី៣មេសាថ្មីៗ រថយន្តរបស់ពលរដ្ឋដែលចតនៅតាមដងផ្លូវ ត្រូវបានក្រុមចោរលួចវាយកញ្ចក់ យកសម្ភារៈ និងលួចគាស់ស្លាកលេខរថយន្ត ទើបកម្លាំងជំនាញព្រហ្មទណ្ឌ​ និងជំនាញអធិការក្រុង ស្រាវជ្រាវបង្ក្រាបបាន ជនសង្ស័យ៣នាក់ និងវត្ថុតាងមួយចំនួន ។ លោកក៏បានអំពាវនាវ អ្នកដែលបាត់ស្លាកលេខ សូមប្រញាប់មកទទួល នៅស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ ។ អត្តសញ្ញាណជនសង្ស័យ សមត្ថកិច្ចនៅទាន់ផ្ដល់នៅឡើយទេ តែបើតាមតាមភិនភាគក្នុងរូបភាព ជនសង្ស័យទាំង៣នាក់ ជាជនជាតិចិន ។ 

សូមជម្រាបថា ជនរងគ្រោះម្នាក់ក្នុងករណីខាងលើនេះ ក៏បានបង្ហោះសារនិងវីដេអូ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ខណៈរូបគាត់និងក្រុមគ្រួសារ ចតរថយន្តចូលទៅកម្សាន្តឆ្នេរអូរត្រេះ ក៏ត្រូវបានក្រុមចោរ វាយបំបែកកញ្ចក់ខាងក្រោយ ផ្នែកខាងឆ្វេង យកកាបូបនិងឯកសារជាច្រើនទៅបាត់ ។ ឥឡូវក្រុមដែលធ្វើសកម្មភាពនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានហើយ ៕ ដោយ ៖ គាសំណាង 

Leave a Reply

Your email address will not be published. Required fields are marked *