អាពាហ៍ពិពាហ៍២គូក្នុងពេលតែមួយ កូនកម្លោះបងប្អូនបង្កើត រៀបការជាមួយកូនក្រមុំកូនភ្លោះ

ប៉ៃលិន ៖ អាពាហ៍ពិពាហ៍មួយ ដែលចាត់ទុកជារឿងពិសេសចម្លែក ពុំដែលធ្លាប់មាន ដោយសាររោងជ័យ មានកូនកម្លោះក្រមុំដល់ទី២គូ ដោយខាងប្រុសត្រូវជាបងប្អូនបង្កើត និងខាងស្រីជាកូនភ្លោះ បានចាប់ដៃគ្នាចូលរោងជ័យក្នុងពេលតែមួយ ។ 

អាពាហ៍ពិពាហ៍នេះ បានរៀបចំឡើងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅលំនៅដ្ឋានខាងប្រុស ក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ កូនៗកម្លោះជាអ្នកខេត្តប៉ៃលិន ឯកូនក្រមុំភ្លោះជាអ្នកខេត្តបាត់ដំបងដោយបងការជាមួយបង ប្អូនការជាមួយប្អូន ។ 

តាមការបញ្ជាក់ពីក្រុមគ្រួសារ គឺកូនកម្លោះនៅធ្វើការឯប្រទសថៃ បានមានទំនាក់ទំនងស្គាល់កូនក្រមុំ តាមរយៈហ្វេសបុកជាង១ឆ្នាំ ។ក្រោយសន្សំលុយបាន ក៏ប្រាប់ឳពុកម្ដាយចូលស្ដីសុំរៀបការតែម្ដង ។ និយាយដោយមិនលាក់លៀម លោកស្រី គយ ចន្ធូ ដែលត្រូវជាម្ដាយខាងស្រី បានប្រាប់ថា គាត់ចង់ឃើញកូនៗមានសុភមង្គល ដូចនេះបណ្ដាការជាថ្លៃទឹកដោះ កូនស្រីរបស់គាត់២នាក់ គឺគាត់បង្គាប់តែម្នាក់ប៉ុណ្ណោះ ហើយម្នាក់នោះ គាត់តម្រូវយកតែ៥០០$( ប្រាំរយដុល្លារ ) ប៉ុណ្ណោះ ។ គាត់ជាស្រ្តីមេម៉ាយ មានជីវភាពក្រខ្សត់ រស់នៅឯខេត្តបាត់ដំបង ។ 

គូស្រករទាំង២គូនេះ ក៏បានបញ្ជាក់ដែរថា ក្រោយរៀបអាពាហ៍ពិពាហ៍រួច ពួកគាត់នឹងមិនត្រឡប់ទៅធ្វើការ នៅប្រទេសថៃទៀតទេគឺនៅជាមួយភរិយា ចាប់ដៃគ្នារកស៊ី ឬប្រកបការងារនៅក្នុងខេត្ត ដើម្បីបានជួបជុំគ្នា  ។ សូមជម្រាបថា កូនកម្លោះ ទី១. ឈ្មោះ រ៉ា ចាន់រក្សា អាយុ ២០ឆ្នាំ ទី២. ឈ្មោះ រ៉ា ចាន់ខាំឈីត អាយុ ១៨ឆ្នាំ មានស្រុកកំណើត ទីតាំងរោងជ័យខាងលើ រីឯខាងកូនក្រមុំភ្លោះទី១ឈ្មោះ ម៉ាប់ ផល្លី អាយុ ១៨ឆ្នាំ ទី២ ម៉ាប់ ផល្លា អាយុ១៨ឆ្នាំដូចគ្នា មានស្រុកកំណើត នៅចំណុចប្រឡាយ៧០ ក្នុងភូមិគោកត្រប់ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ៕ ដោយ ៖ យស ហៃសុករា 

Leave a Reply

Your email address will not be published. Required fields are marked *