បាត់បង់ជីវិតមនុស្ស៣២នាក់ ខណៈព្យុះវាយប្រហារ ពីរដ្ឋអាកាន់សាស់ ដល់រដ្ឋដេឡាវែ

បរទេស ៖ ប្រជាពលរដ្ឋរស់នៅទូទាំងតំបន់មួយភាគធំនៃសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យទី២មេសាឆ្នាំ២០២៣ បានប្រញាប់ប្រញាល់ធ្វើការវាយតម្លៃពីការបំផ្លិចបំផ្លាញពីខ្យល់ព្យុះដ៏កាចសាហាវមួយ ដែលបានបង្កជាព្យុះកំបុតត្បូងរាប់សិបពីភាគខាងត្បូងនិងភាគខាងលិចចូលទៅដល់ភាគឦសាន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣២នាក់បាត់បង់ជីវិត ។

កម្លាំងខ្យល់ព្យុះបានបោកបក់តាមផ្លូវ ឆ្លងកាត់រដ្ឋធានីរបស់រដ្ឋអាកាន់សាស (Arkansas) ហើយក៏បានបំប៉ើងដំបូលនៃកន្លែងប្រគុំតន្ត្រីពេញដោយមនុស្សក្នុងរដ្ឋអ៊ីលលីនណយ (Illinois) ដែលធ្វើឱ្យមនុស្សម្នានៅទូទាំងតំបន់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងវិសាលភាពនៃការខូចខាត ហើយចំនួនអ្នកបាត់បង់ជីវិតបានបន្តកើនឡើងកាលពីថ្ងៃអាទិត្យទី២មេសាឆ្នាំ២០២៣ ។

លោក ចូ បៃដិន ប្រធានាធិបតីងាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខណៈយើងនៅកំពុងវាយតម្លៃពីទំហំពេញលេញនៃការខូចខាត យើងដឹងថាគ្រួសារនៅទូទាំងសហរដ្ឋអាមេរិក កំពុងកាន់ទុក្ខចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ ដោយរង់ចាំព័ត៌មានអំពីអ្នកដទៃដែលកំពុងតស៊ូដើម្បីជីវិតរបស់ពួកគេ និងកំពុងបោសសម្អាតគំនរបាក់បែកនៃផ្ទះនិងអាជីវកម្មរបស់ពួកគេ»។

លោកបៃដិន នៅមុននេះបានប្រកាសតំបន់មួយភាគធំនៃប្រទេសជាតំបន់គ្រោះមហន្តរាយសំខាន់ៗ ដោយធ្វើឱ្យធនធានសហព័ន្ធ និង ជំនួយហិរញ្ញវត្ថុអាចរកបានភ្លាមសម្រាប់ការស្តារឡើងវិញ។

ចំណែកលោកស្រីអភិបាល សារ៉ា ហាក់កាប៊ី សាន់ឌ័រ (Sarah Huckabee Sanders) នៅរដ្ឋអាកាន់សាស កន្លែងដែលមនុស្សយ៉ាងហោចណាស់ ៥ នាក់ត្រូវបានបាត់បង់ជីវិត បានប្រកាសស្ថានភាពអាសន្នរួចហើយ និង បានដាក់ដំណើរការឆ្មាំជាតិឱ្យសកម្មក្នុងការជួយសង្គ្រោះ។ ព្យុះកំបុតត្បូង ដែលត្រូវបានបញ្ជាក់ឬសង្ស័យនៅក្នុងរដ្ឋចំនួន ១១បានបំផ្លាញផ្ទះនិងអាជីវកម្ម ដោយរំលំដើមឈើនិងបង្កឱ្យមានកាកសំណល់ទូទាំងរដ្ឋទាំងនោះ៕ (ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *