រថយន្តរបស់មន្ទីរសាធារណការខេត្តកំពង់ស្ពឺ បុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត

កំពង់ស្ពឺ ៖ មានករណីរថយន្តរបស់មន្ទីរសាធារណការខេត្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត នៅពេលបញ្ជូនទៅមន្ទីរពេទ្យ កើតឡើងកាលពី នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤និង៤៨នាទីល្ងាច លើផ្លូវលេខ១៤៣ ត្រង់ចំណុចភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។


សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគឿងម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-5688 ជារថយន្តមន្ទីរសារធារណការខេត្តកំពង់ស្ពឺ បើកបរដោយឈ្មោះ ម៉ម វិរៈ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងត្បូងទៅទិសខាងជើង ។

លុះមកដល់ចំណុចខាងលើបានប៉ះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ  គ្មានស្លាកលេខ បើកបរដោយឈ្មោះខៀវ ម៉ៅ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិក្រាំង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា រួចបត់ឆ្លងផ្លូវពីទិសខាងលិច ទៅទិសខាងកើត បណ្តាលឱ្យឈ្មោះខៀវ ម៉ៅ បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ។

ចំពោះវត្ថុតាងទាំង២ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្គុះ,ចំណែកអ្នកបើកបររថយន្ត សមត្ថកិច្ចបាននាំមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីចាត់ការតាមនីតិវិធី ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *