ប្តីប្រើវត្ថុរឹងចាក់សម្លាប់ប្រពន្ធ ព្រោះតែជម្លោះក្នុងគ្រួសារ «រឿងប្តីប្រចណ្ឌប្រពន្ធ»

បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាម ក្រោយពីបុរសជាប្តីបានប្រើវត្ថុរឹងចាក់សម្លាប់ព្រោះតែជម្លោះក្នុងគ្រួសារ គឺ«រឿងប្តីប្រចណ្ឌប្រពន្ធ» បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០២រសៀល ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រហូតដល់ពេលយប់ទើបចាប់ខ្លួនបាន។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឱ្យដឹងនៅថ្ងៃទី២មេសាថា ស្ត្រីរងគ្រោះឈ្មោះមិយ ពឿង អាយុ៣៨ឆ្នាំ និង ជនដៃដល់ជាប្តីឈ្មោះ ជា សារ៉ាន់ អាយុ៣៨ឆ្នាំ គ្រួសារនេះរស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបន្តថា ប្តីប្រពន្ធ០២នាក់តែងតែមានរឿងរកាំរកូសឈ្លោះទាស់ទែងគ្នារស់នៅមិនចុះសម្រុងមឹងគ្នស  ព្រោះបុរសជាប្តីតែងតែមានអាការៈប្រចណ្ឌនឹងប្រពន្ធ ដែលប្រវត្តិប្តីពីមុនតែងតែប្រើប្រាស់គ្រឿងញៀន ។ នៅមុនពេលកើតហេតុទាំង០២នាក់ប្តីប្រពន្ធបាននាំគ្នាវិលត្រឡប់ពីធ្វើការនៅប្រទេសថៃ ដើម្បីធ្វើការលែងលះគ្នា នៅសាលាឃុំ នៅថ្ងៃចន្ទនេះ ដើម្បីឱ្តអាជ្ញាធរដឹងឮ, តែបុរសជាប្តីបាននិយាយថា«លែងគ្នាបាន តែបើយកកូនទាំង០២នាក់ខ្លួនមិនព្រមលែងនោះទេ គឺគេសុខចិត្តយកកូនទាំង០២នាក់»។ 

លោកអធិការបន្តថា ទោះជាយ៉ាងណាមិនទាន់បានឱ្យអាជ្ញាធរដោះស្រាយរឿងការបែងចែកកូននោះផង  ស្រាប់តែបុរសជាប្តីបានយកវត្ថុរឹងចាក់ទៅលើប្រពន្ធ ត្រូវចំដើមដោះខាងស្តាំ បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកជនដៃដល់បានរត់គេចខ្លួន ។

ក្រោយពីកើតមានករណីឃាតកម្មនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីចាប់ជនដៃដល់យកទៅផ្តន្ទាទោសឱ្យខាងតែបាន  ។ បន្ទាប់មកកម្លាំងនគរបាលស្រុកម៉ាឡៃ និងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានសហការស្រាវជ្រាវនឹងឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់ នៅវេលាម៉ោង០៦និង៣៥នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តកៅបីស្ថិតក្នុងភូមិកៅបី ឃុំអូរស្រឡៅ  ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្នជនសង្ស័យបានសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *