បង្រ្កាបមុខសញ្ញាឆក់ខ្សែ​ក នៅទូលក់មាស ចាប់បាន៣នាក់ សមត្ថកិច្ចរបួសម្នាក់

កំពង់ស្ពឺ ៖ ជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញា ឆក់ខ្សែកមាសនៅទូលក់មាស នៅចំណុចផ្សារត្រពាំងអណ្ដើក ខេត្តតាកែវ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានសហការជាមួយកម្លាំងនគរបាលខេត្តតាកែវ ធ្វើការបង្រ្កាបបានកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃសៅរ៍ ថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២៣  ។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ៣នាក់រួមមាន ទី១-ឈ្មោះគីម លីហួ ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកឡាន រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ, ទី២-ឈ្មោះសួន ពុទ្ធរិទ្ធ ហៅវីត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ និងទី៣-ឈ្មោះលី ខៀងភេទប្រុស អាយុ១៦ឆ្នាំ រស់នៅសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។ 

កិច្ចប្រតិបត្តិការ​ក្នុងការពួនស្ទាក់និងបង្រ្កាប ក្រុមជនសង្ស័យបានប្រើមធ្យោបាយ រថយន្ត​០១គ្រឿងម៉ាក តូយ៉ូតា​ព្រូស ពណ៌ប្រផេះ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ2BP-3306 ។ លុះបើករថយន្តគេចខ្លួន​ មកដល់ទឹកដីស្រុកបសេដ្ឋ ​មុខសញ្ញាបានព្យាយាម​ បេីកគេចពីសមត្ថកិច្ចដេញតាម ពី​ចំណុចមុខអធិការដ្ឋាននគរបាលស្រុល រហូតដល់ចំណុចជើងភ្នំល្អាង ស្ថិតក្នុងភូមិត្រពាំងធ្លក  ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនសង្ស័យ ដឹងថា មិនមានលទ្ធភាពរត់​បាន​ ក៏ឈប់រថយន្ត រួចរត់គេចខ្លួនឡើងភ្នំល្អាង តែត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបាន ។

ក្នុងពេលដេញនោះ ធ្វើឲ្យរថយន្តសមត្ថកិច្ចចំនួន០៣គ្រឿង រងការខូចធ្ងន់ និងរងរបួសមន្រ្តីនគរបាលម្នាក់រួមមាន រថយន្ត ម៉ាកFord រងការខូចខាតកម្រិតធ្ងន់ , រថយន្ត ម៉ាកឡិចស៊ីសRX330 រងការខូចខាត​កម្រិតមធ្យម និងរថយន្តម៉ាកព្រូស រងការខូចខាតស្រាល, ចំណែកមន្រ្តីម្នាក់​ អនុសេនីយ៍ត្រី​ យួន សុផា រងរបួសធ្ងន់(សន្លប់) បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។  

វត្ថុតាងដកហូតពីជនសង្ស័យរួមមាន ៖ រថយន្តម៉ាកព្រូស ពណ៌ប្រផេះ ស៊េរីឆ្នាំ២០០៧ ០១គ្រឿង ធ្វេីសកម្មភាព (ភ្នំពេញ2BP-3306) លោហៈទង់ដែងមួយខ្សែ ។  ចំពោះជនសង្ស័យ កម្លាំងព្រហ្មទណ្ឌស្រុកប​សេដ្ឋ បានប្រគល់ជូននគរបាលស្រុកត្រាំកក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *