ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ដែលប្រើខ្សែរឹតក ប្លន់យកម៉ូតូកាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៣និង ៣០ នាទី រសៀល នៅចំណុចក្រុមទី១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបាននគរបាលព្រហ្មទណ្ឌចាប់ខ្លួនហើយបានបង្ហាញមុខនាថ្ងែទី ៣១ខែមីនាឆ្នាំ២០២៣ ម្សិលមិញ ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ង៉ែត ហុកហួត ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌូបរស់នៅភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ រងរបួសមានស្នាមរឹតក និងដាច់រលាត់ស្បែក ។ សម្ភារបាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ ភ្នំពេញ 1JN-1835 ។
ចំណែកជនសង្ស័យឈ្មោះ វង ស៊ីណា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១សង្កាត់១ក្រុង-ខេត្តព្រះសីហនុ បានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពប្លន់ពិតប្រាកដម៉ែន។ វត្ថុចាប់យកបាន មានម៉ូតូចំនួន ០១គ្រឿង និងទូរសព្ទ ០១គ្រឿង។
សមត្ថកិច្ចបន្តថា ដំបូងមានជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ បានហៅម៉ូតូរបស់ជនរងគ្រោះជិះទៅស្រុកស្ទឹងហាវ ដោយឱ្យតម្លៃបីម៉ឺនរៀល,លុះដល់ចំណុច ជិតកន្លែងដាំកូនឈើ ស្ថិតនៅក្រុមទី១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ជាកន្លែងស្ងាត់ ជនសង្ស័យបានយកខ្សែមករឹតកជនរងគ្រោះ បណ្ដាលឱ្យជនរងគ្រោះដួលសន្លប់ បន្ទាប់មកជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនតែម្តង ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលស្រុកស្ទឹងហាវ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតស្វែងរកឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ125 ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន6317260 ជាម៉ូតូរបស់ជនរងគ្រោះខាងលើ នៅចំណុចក្នុងព្រៃក្រោយចំណោតលោកយាយម៉ៅ ស្ថិតក្នុង ភូមិ៣ សង្កាត់១ក្រុង–ខេត្តព្រះសីហនុ ដោយជនសង្ស័យបានយកទៅលាក់ទុកនៅទីនោះ ។
ក្រោយមកក៏យកម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរួចមក កម្លាំងសមត្ថកិច្ចបានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងែទី ៣០ ខែមីនាឆ្នាំ២០២៣ វេលាម៉ោង២និង៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ នៅម្តុំតោ២ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕(ដោយ សំណាង៩៦)