រុស្ស៊ីប៉ះទង្គិចគ្នាជាមួយអាមេរិក ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅបេឡារូស

បរទេស ៖ ប្រទេសរុស្ស៊ីនិងអាមេរិក បានប៉ះទង្គិចគ្នានៅអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីថ្ងៃសុក្រទី៣១មីនាឆ្នាំ២០២៣ ជុំវិញផែនការរបស់រដ្ឋាភិបាលក្រុងមូស្គូ ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរកលយុទ្ធ នៅក្នុងប្រទេសបេឡារូស ដែលជាប្រទេសជិតខាងអ៊ុយក្រែន បានថ្កោលទោសថា «ជាការប៉ុនប៉ងទាំងត្រដររបស់វិមានក្រឹមឡាំងដើម្បីបញ្ចៀសបរាជ័យផ្នែកយោធា និង គំរាមកំហែងពិភពលោកជាមួយនឹងវិនាសកម្មនុយក្លេអ៊ែរ»។

ចំណែកប្រទេសចិន ដែលមិននិយាយចំឈ្មោះរុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ពីការជំទាស់របស់ខ្លួនចំពោះការដាក់ពង្រាយដែលបានគ្រោងទុកនេះ។

លោក សឺហ្គី គីស្ទីតយ៉ា (Sergiy Kyslytsya) ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអ.ស.ប បានអំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.ប បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃទី ២៥ ខែមីនាឆ្នាំ២០២៣ថា «ប្រទេសរបស់លោកគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ រយៈចម្ងាយខ្លីនិងខ្នាតតូចនៅក្នុងប្រទេសបេឡារូស»។

លោក អាឡិចសាន់ឌ័រ លូកាសិនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារូស បានបង្កើនវោហានៅមុនកិច្ចប្រជុំក្រុមប្រឹក្សា ដោយនិយាយថា រុស្ស៊ីក៏អាចនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារូសដែរ កន្លែងដែលកងកម្លាំងរុស្ស៊ីបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។

លោកគីស្ទីតយ៉ាបានបន្តថា «វាចំណាយពេលត្រឹមតែបួនថ្ងៃប៉ុណ្ណោះសម្រាប់ពូទីន បំពានការសន្យាដែលគាត់បានធ្វើចំពោះប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅឯកិច្ចប្រជុំនាពេលថ្មីៗនេះក្នុងទីក្រុងមូស្គូ។សេចក្តីថ្លែងការណ៍នោះបានប្រកាសថា រដ្ឋនុយក្លេអ៊ែរទាំងអស់ គួរតែចៀសវាងឱ្យបាននូវការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅខាងក្រៅប្រទេសរបស់ពួកគេ ហើយដកចេញនូវអាវុធនុយក្លេអ៊ែរដែលបានដាក់ពង្រាយនៅក្រៅប្រទេស»។

លោក ចេង សួង (Geng Shuang) អគ្គរដ្ឋទូតចិនបាននិយាយថា «យើងអំពាវនាវឱ្យលុបចោលនូវផែនការចែករំលែកនុយក្លេអ៊ែរ និងមិនគាំទ្រឱ្យមានការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅបរទេសដោយរដ្ឋនុយក្លេអ៊ែរទាំងឡាយ និង សូមដកចេញនូវអាវុធនុយក្លេអ៊ែរដែលបានដាក់ពង្រាយនៅបរទេស»។

លោកបានហៅអាវុធនុយក្លេអ៊ែរថា «ដាវពិឃាដសំយ៉ុងពីលើក្បាលរបស់យើង» លោកចេងបានរំលឹកឡើងវិញថាចិនប្រឆាំងនឹងការវាយប្រហារប្រដាប់អាវុធលើរោងចក្រថាមពលនុយក្លេអ៊ែរ និងការគំរាមកំហែង ឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។ លោកបាននិយាយថា «ការរីកសាយភាយនុយក្លេអ៊ែរត្រូវតែរារាំងឱ្យបាន ហើយវិបត្តិនុយក្លេអ៊ែរត្រូវបានបញ្ចៀស»។

ក្រុងប៉េកាំងបានអះអាងថា មានជំហរអព្យាក្រឹតក្នុងសង្គ្រាម ប៉ុន្តែក៏បានសង្កត់ធ្ងន់លើ «មិត្តភាពគ្មានដែនកំណត់»របស់ខ្លួនជាមួយរុស្ស៊ីផងដែរ។ ចិនបានបដិសេធមិនរិះគន់ការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូ ហើយកាលពីចុងខែមុនបានចេញផ្សាយផែនការសន្តិភាពដែលអំពាវនាវឱ្យមានបទឈប់បាញ់ និងការចរចារវាងអ៊ុយក្រែននិងរុស្ស៊ី។

ចំណែកលោកគីស្ទីតយ៉ាបានស្វាគមន៍ចំពោះជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំង ដោយប្រាប់ក្រុមប្រឹក្សាថា «សូមកោតសរសើរចិន ភាគីចិនបានរំលឹកដល់រដ្ឋាភិបាលក្រុងមូស្គូ ក្នុងលក្ខណៈសមហេតុសមផលថា សង្គ្រាមនុយក្លេអ៊ែរមិនអាចឈ្នះ និងមិនអាចប្រយុទ្ធគ្នាបានឡើយ ហើយការរីកសាយភាយនុយក្លេអ៊ែរ ត្រូវតែរារាំងឱ្យបាន»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *