បញ្ជូនទៅតុលាការ មន្ត្រីអាកាសចរស៊ីវិលម្នាក់ ដែលខឹងគេស៊ីផ្លេ បើករថយន្តដេញតាមភ្ជង់

ភ្នំពេញ ៖ សមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានបញ្ជូនសំណុំរឿង និងជនសង្ស័យដែលជាមន្រ្តីថ្នាក់ខ្ពស់ នៃអាកាសចរស៊ីវិល មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ និងភ្ជង់គំរាមអ្នកដទៃ ។ 

សូមរំលឹកថា មន្ត្រីអាកាសចរស៊ីវិលម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ បន្ទាប់ពីធ្វើសកម្មភាព ដកកាំភ្លើងខ្លី ( អត់ច្បាប់ ) ភ្ជង់គំរាមបុរសម្នាក់ កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបុរីជីបម៉ុង៥៩៨ ផ្លូវP04 សង្កាត់ច្រាំងចំរេះខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ 

ជនសង្ស័យខាងលើមានឈ្មោះ បែល វ៉ាន់ដែត ភេទប្រុស អាយុុ៣៨ឆ្នាំ ជា អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ឯជនរងគ្រោះមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត ។ 

ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើម ម៉ាកGlook ពណ៌ខ្មៅ គ្រាប់១៣គ្រាប់ គ្មានច្បាប់អនុញ្ញាត , រថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199 ។ 

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តពីខាងក្រោយរថយន្តជនសង្ស័យ រួចស៊ីផ្លេរ ទើបជនសង្ស័យខឹង ក៏ឈប់រថយន្តពីមុខរយៈពេលប្រហែល៥នាទី ។ បន្ទាប់មកជនរងគ្រោះ ក៏បើករថយន្តវ៉ាចេញ ធ្វើឱ្យជនសង្ស័យបើករថយន្តដេញតាមរួចដកកាំភ្លើងភ្ជង់គំរាមរួចគេខ្លូន ។ ភ្លាមៗ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់បាន នៅវេលាម៉ោង១០យប់ ថ្ងៃខែដដែល ពោលក្រោយកើតហេតុជាង១ម៉ោង ដើម្បីយកមកសួរនាំនៅនគរបាលខណ្ឌ។ ប្រភពព័ត៌មានមួយបញ្ជាក់ថា ជនងសង្ស័យ ត្រូវបានដោះលែង បន្ទាប់ពីមានអន្តរាគមន៍ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *