ឯកឧត្តម ស សុខា អញ្ជើញជាអធិបតី បិទការប្រកួតរូបថត កាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ “កាយរឹទ្ធិ-អរគុណសន្តិភាព”

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ជាតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ពិធីបិទកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ការប្រកួតរូបថតកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “កាយរឹទ្ធិ-អរគុណសន្តិភាព” នៅវិទ្យាស្ថានជាតិអប់រំ ។ 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្រោមមគ្គុទ្ទេសដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបាននឹងកំពុងបោះជំហានទៅមុខ លើមាគ៌ាដ៏ត្រឹមត្រូវ ប្រជាជនរស់នៅមានសុខសន្តិភាពពេញលេញ វឌ្ឍនភាពសង្គម សិទ្ធិសេរីភាព លទ្ធប្រជាធិតេយ្យ និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ដើម្បីបង្ហាញកិត្តិស័ព្ទព្រះរាជាណាចក្រកម្ពុជា យ៉ាងខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ 

ឯកឧត្តមបន្តទៀតថា ទទឹមគ្នានេះក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើ”គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៤” ធានាការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងបានលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា ព្រមទាំងអនុវត្តបានយ៉ាងមានប្រសិទ្ធភាព លើយុទ្ធសាស្ត្រកំណែទម្រង់ វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០១៨-២០២៣ ដើម្បីចូលរួមគាំទ្រដល់ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលបានគាំទ្រដល់ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍកម្ពុជា ប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្អូនៗយុវជនទាំងអស់ ដែលជាកាយរឹទ្ធិជាតិកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ឱ្យឆ្លើយតបតាមទស្សនទាន របស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា “យុវជនកម្ពុជាមានជំនាញមួយយ៉ាងតិចប្រចាំជីវិត” និងត្រូវមានបំណិនវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ដើម្បីឱ្យមានសមត្ថភាពច្បាស់លាស់ ក្នុងការប្រកួតប្រជែងទីផ្សារការងារ និងបង្កើតមុខរបរសមរម្យ ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ៕ ដោយ ៖ ហួតសម្បត្តិ 

Leave a Reply

Your email address will not be published. Required fields are marked *