រថយន្តបុកម៉ូតូពីក្រោយ បណ្ដាលបុរសម្នាក់ស្លាប់ នៅផ្លូវភ្នំពេញហាណូយ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូត្រូវបានរថយន្តបុកពេញទំហឹង នៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ទី៣០ ខែមីនា ឆ្នាំ២០២៣ នៅខាងជើងហ្រ្គេនភ្នំពេញ ប្រហែល៥០ម៉ែត្រ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងភូមិអន្លង់ក្ងានសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ បូ  វណ្ណនឿន  ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរផ្នែកក្រឡុកសុីម៉ងត៍ចាក់បេតុង រស់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានប្រពន្ធនិងកូនអាយុ២ខួប ជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1V-5283 ចំណែកឯរថយន្ត ម៉ាកPRADO ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ2C-4448 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។ 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តPRADOបើក មកពីក្រោយយ៉ាងលឿនដូចគ្នា បណ្ដាលឲ្យបុកហើយកិនពីលើជនរងគ្រោះស្លាប់តែម្ដង ។ 

ប្រភពបន្តថា ភ្លាមៗរថយន្តបានបើករត់ ចូលតាមហ្រ្គេនភ្នំពេញ ឆ្ពោះទៅផ្លូវ598 ក៏ឈប់ដូរកង់រថយន្ត ដែលបែក ខណៈពេលដែលឃើញប្រជាពលរដ្ឋតាមទៅដល់ ក៏ទុករថយន្តចោលរត់គេចបាត់តែម្ដង។ ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង យកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពត្រូវយសាច់ញាតិ ដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *