ភ្នំពេញ ៖ មន្ត្រីអាកាសចរស៊ីវិលម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ បន្ទាប់ពីធ្វើសកម្មភាព ដកកាំភ្លើងខ្លី ( អត់ច្បាប់ ) ភ្ជង់គំរាមបុរសម្នាក់ កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបុរីជីបម៉ុង៥៩៨ ផ្លូវP04 សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ បែល វ៉ាន់ដែត ភេទប្រុស អាយុុ៣៨ឆ្នាំ ជា អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ឯជនរងគ្រោះមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត ។
ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើម ម៉ាកGlook ពណ៌ខ្មៅ គ្រាប់១៣គ្រាប់ គ្មានច្បាប់អនុញ្ញាត , រថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199 ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តពីខាងក្រោយរថយន្តជនសង្ស័យ រួចស៊ីផ្លេរ ទើបជនសង្ស័យខឹង ក៏ឈប់រថយន្តពីមុខរយៈពេលប្រហែល៥នាទី ។ បន្ទាប់មកជនរងគ្រោះ ក៏បើករថយន្តវ៉ាចេញ ធ្វើឱ្យជនសង្ស័យបើករថយន្តដេញតាមរួចដកកាំភ្លើងភ្ជង់គំរាមរួចគេខ្លូន ។ ភ្លាមៗ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់បាន នៅវេលាម៉ោង១០យប់ ថ្ងៃខែដដែល ពោលក្រោយកើតហេតុជាង១ម៉ោង ដើម្បីយកមកសួរនាំនៅនគរបាលខណ្ឌ ៕ ដោយ ៖ គា សំណាង