បរទេស ៖ អ្នកការទូតជាន់ខ្ពស់រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធទី២៩មីនាឆ្នាំ២០២៣ថា រុស្ស៊ីនឹងមិនផ្តល់ការជូនដំណឹងជាមុនដល់សហរដ្ឋអាមេរិក អំពីការសាកល្បងមីស៊ីលរបស់ខ្លួន ដូចដែលបានរំពឹងទុកក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលវិមានក្រឹមឡាំង បានផ្អាកនោះទេ ខណៈយោធារបស់ខ្លួនបានចល័តមីស៊ីល ឆ្លងទ្វីបនៅទូទាំងតំបន់ស៊ីបេរី ក្នុងការសម្ញែងពីសមត្ថភាពនុយក្លេអ៊ែរដ៏ធំរបស់ប្រទេសនេះ ចំពេលមានការប្រយុទ្ធគ្នានៅអ៊ុយក្រែន។
លោក សឺហ្គេ រីយ៉ាបកូវ (Sergei Ryabkov) អនុរដ្ឋមន្ត្រីការបរទេសបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា«រដ្ឋាភិបាលក្រុងមូស្គូបានបញ្ឈប់រាល់ការផ្លាស់ប្តូរព័ត៌មានជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្រោមសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ដែលនៅសល់ចុងក្រោយជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីបានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញានេះកាលពីខែមុន។
ចំពោះទិន្នន័យអំពីស្ថានភាពបច្ចុប្បន្ននៃកងកម្លាំងនុយក្លេអ៊ែរ របស់ប្រទេសដែលត្រូវបានចេញផ្សាយជាទម្លាប់រៀងរាល់៦ខែម្តង ក្នុងការអនុលោមតាមសន្ធិសញ្ញា New START ភាគីទាំងពីរក៏បានផ្លាស់ប្តូរការជូនដំណឹងជាមុនអំពីការបាញ់សាកល្បងនិងការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ពួកគេផងដែរ។
ការជូនដំណឹងបែបនេះគឺជាធាតុសំខាន់នៃស្ថិរភាពជាយុទ្ធសាស្ត្រអស់ជាច្រើនទសវត្សរ៍មកហើយ ដែលអនុញ្ញាតឱ្យរុស្ស៊ីនិងសហរដ្ឋអាមេរិក បកស្រាយបានត្រឹមត្រូវនូវចំណាត់ការរបស់គ្នាទៅវិញទៅមក និងធ្វើឱ្យប្រាកដថាប្រទេសទាំងពីរនឹងមិនច្រឡំការបាញ់សាកល្បងថា«ជាការវាយប្រហារមីស៊ីល»។
ការបញ្ចប់ការផ្លាស់ប្តូរព័ត៌មាននៅក្រោមសន្ធិសញ្ញានេះ គឺជាការប៉ុនប៉ងមួយទៀតរបស់វិមានក្រឹមឡាំង ដើម្បីបំបាក់ទឹកចិត្តលោកខាងលិច កុំឱ្យបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែនដោយចង្អុលទៅឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់រុស្ស៊ី។ ប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ទឹកដីនៃសម្ពន្ធមិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូ គឺបេឡារូស។
លោកពូទីនបានផ្អាកសន្ធិសញ្ញា New START កាលពីខែមុន ដោយនិយាយថា «រុស្ស៊ីមិនអាចទទួលយកការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនោះទេ នៅគ្រាដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្តរបស់ខ្លួនគឺណាតូបានប្រកាសដោយបើកចំហថាបរាជ័យរបស់មូស្គូនៅអ៊ុយក្រែនគឺជាគោលដៅរបស់ពួកគេ»។
រដ្ឋាភិបាលក្រុងមូស្គូបានសង្កត់ធ្ងន់ថា ខ្លួនមិនដកចេញពីសន្ធិសញ្ញានេះទាំងស្រុងទេ ហើយនឹងបន្តគោរពនូវលក្ខខណ្ឌស្តីពីអាវុធនុយក្លេអ៊ែរ ដែលសន្ធិសញ្ញានេះបានកំណត់៕(ប្រែសម្រួលដោយ លោកសំណាង)