ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការ ជាមួយកម្មវិធីស្បៀងអារហារពិភពលោក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានរៀបចំ«លំហាត់សាកល្បងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយ ឆ្នាំ២០២៣» ក្រោមអធិបតីភាព ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីមទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លំហាត់សាកល្បងថ្នាក់ជាតិខាងលើនេះ ធ្វើឡើងមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៣នៅបរិវេណកីឡដ្ឋានខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្ដម អគ្គលេខាធិការរង, ទីប្រឹក្សា ,លោកប្រធានអនុប្រធាន នាយដ្ឋាន គ.ជ.គ.ម. ,តំណាងកម្មវិធីស្បៀងអាហារពិភពលោក ,លេខាធិការដ្ឋានខេត្តចំនួន៤រួមមានខេត្តបាត់ដំបង,បន្ទាយមានជ័យ, ពោធិ៍សាត់ និងប៉ៃលិន មន្ទីរពាក់ព័ន្ធ , កងកម្លាំងទាំងបី ,សាខាកាកបាទក្រហមខេត្ត, កងប្រតិបត្តការរុករកសង្គ្រោះគ្រោះមហន្តរាយចំនួន៣កង(911,711,705) រួមនឹងអង្គការដៃចូលរួមសរុប១០៤នាក់។
ក្នុងអំឡុងពេលនៃការធ្វើលំហាត់សាកល្បង អ្នកចូលរួមនឹងត្រូវអនុវត្តតាមសេណារីយ៉ូ ប្រើព័ត៌មាន ដែលរៀបចំរួចជាស្រេច និងទាក់ទងជាមួយសហការីដើម្បីឱ្យដឹងថាការត្រៀមបម្រុងជាក់ស្តែងរបស់ពួកគេ អាចយកទៅប្រើប្រាស់បានដោយរបៀបណា? (ដូចម្តេច?) នៅពេលកើតមានគ្រោះមហន្តរាយ។ ខ្សែរយៈទំនាក់ទំនង រវាងតួអង្គពិតប្រាកដ នឹងត្រូវបានយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយនៃលំហាត់សាកល្បងនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួលក្នុងការឆ្លើយតបនៅពេលខាងមុខ រួមនឹងអនុវត្តដំណាក់កាលនៃការកសាងផែនការ ដំណាក់កាលនៃការត្រៀមបម្រុង និងដំណាក់កាលនៃការឆ្លើយតប និងកំណត់រកភាពខ្វះចន្លោះ និងការអាចកើតមានភាពត្រួតស៊ីគ្នាដើម្បីផ្តល់ការគាំទ្រដល់ ការពង្រឹងសមត្ថភាព មុនពេលកើតមានគ្រោះមហន្តរាយ។
ការរៀបចំលំហាត់សាកល្បងនេះ គឺធ្វើឡើងនៅថ្នាក់ខេត្ត ដែលជ្រើសរើសសម្រាប់ជាទីតាំងសម្រាប់អនុវត្តន៍ ដែលនឹងបង្កើនការយល់ដឹងដល់អ្នកចូលរួម អំពីរចនាសម្ព័ន្ធនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងយល់ដឹងពីយន្តការនៃកិច្ចប្រតិបត្តិ ការទាំងអស់នោះ។
ការរៀបចំលំហាត់សាកល្បងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនេះ គឺក្នុងគោលបំណងដើម្បីពង្រឹង សមត្ថភាពឆ្លើយតបរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះហមន្តរាយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមប្រតិបត្តិការ រុករកនិងសង្រ្គោះដៃគូអភិវឌ្ឍន៍ ដោយធ្វើឱ្យប្រសើរឡើងនូវការត្រៀមរៀបចំ និងធ្វើបច្ចុប្បន្នភាពផែនការត្រៀម បម្រុង ការពង្រឹងទំនាក់ទំនង និងការធ្វើសកម្មភាពនានា៕ (ដោយ សំណាង៩៦)