បុរសម្នាក់បើករថយន្តលឿនពេកនៅពេលយប់ ជ្រុលខុសផ្លូវបុកដើមត្នោតគ្រោះថ្នាក់ខ្លួនឯង

កែប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយបុរសម្នាក់បើកបររថយន្តលឿនក្នុងស្ថានភាពងងុយគេងខុសផ្លូវជ្រុលទៅបុកដើមត្នោតក្រឡាប់ដាច់កង់បង្កគ្រោះថ្នាក់ដោយខ្លួនឯង នៅលើផ្លូវជាតិលេខ ៣៣ ចំណុចខាងកើតស្ថានីយ៍ប្រេងឥន្ធនៈ ហែម រតនា ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃពុធ ទី២៩ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៣និង៤៣នាទី ទៀបភ្លឺ ។

សមត្ថកិច្ចនិយាយថា អ្នកបើកបររថយន្ត ឈ្មោះ ជួប វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ស្រុកកំណើត ភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត រងរបួសធ្ងន់ និងត្រូវបានកម្លាំងសមត្ថកិច្ចសហការបញ្ជូនតាមរថយន្តមណ្ឌលសុខភាពឃុំពងទឹក ទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ 

សមត្ថកិច្ចបន្តថា ជនរងគ្រោះបើកបររថយន្តម៉ាកកាមរី ហាយព្រីត ពាក់ស្លាកលេខ 2Q-1155 ពណ៌ទឹកប្រាក់ តាមផ្លូវជាតិលេខ៣៣ ទិសដៅពីលិចទៅកើតយ៉ាងលឿន ក្នុងស្ថានភាពងងុយគេង ដល់ចំណុចខាងលើលឿន ខុសផ្លូវជ្រុលទៅបុកដើមត្នោតក្រឡាប់ដាច់កង់បង្កគ្រោះថ្នាក់ដោយខ្លួនឯងតែម្តង ។

ចំណែកវត្ថុតាងរថយន្ត កម្លាំងសមត្ថកិច្ចបានស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរដោះស្រាយពេលក្រោយ ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *