បរទេស ៖ កម្លាំងប៉ូលិសបារាំង បានប៉ះទង្គិចជាមួយបាតុករនៅក្នុងទីក្រុងជាច្រើនកាលពីថ្ងៃអង្គារទី២៨មីនាឆ្នាំ២០២៣ខណៈអ្នកដើរដង្ហែរាប់ម៉ឺននាក់បានតវ៉ាអំពីការកែទម្រង់ការចូលនិវត្តន៍ គ្មានប្រជាប្រិយភាព របស់លោកប្រធានាធិបតីអេមម៉ានុយអែល ម៉ាក្រុង។
ការរក្សាសន្តិសុខត្រូវបានបង្កើន សម្រាប់ការដង្ហែក្បួនបាតុកម្មលើកទី ១០ ចាប់តាំងពីខែមករាមក បន្ទាប់ពីរដ្ឋាភិបាលបានព្រមានថា បាតុករមួយចំនួនមានបំណងបំផ្លាញ បង្ករបួស និង សម្លាប់ ។
ចំណែកក្រសួងមហាផ្ទៃ បានដាក់ចំនួនបាតុករទូទាំងប្រទេសនៅខ្ទង់ ៧៤០.០០០នាក់ គឺថយចុះពីជាង១លាននាក់កាលពី៥ថ្ងៃមុន នៅពេលដែលក្រុមបាតុករ បានបញ្ចេញកំហឹងរបស់ពួកគេចំពោះបទបញ្ជារបស់លោកម៉ាក្រុង ដើម្បីអនុម័តច្បាប់ដែលដំឡើងអាយុចូលនិវត្តន៍ស្របច្បាប់របស់បារាំងពីអាយុ ៦២ ឆ្នាំដល់ ៦៤ឆ្នាំ តាមរយៈសភាដោយគ្មានការបោះឆ្នោត។ ប៉ូលិសមានចំនួន ៩៣.០០០ នាក់នៅទីក្រុងប៉ារីស ធៀបនឹង ១១៩.០០០ នាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលដែលអំពើហិង្សាបានឈានដល់កម្រិតកំពូល។
ក្រុមបាតុករមានបំណងរក្សាសម្ពាធលើរដ្ឋាភិបាល ឱ្យដកវិធានការចូលនិវត្តន៍របស់ខ្លួនចេញ សហជីពនានា ដែលរៀបចំការតវ៉ា បានអំពាវនាវឱ្យមានកូដកម្មថ្មី និងការហែក្បួននៅថ្ងៃទី ៦ ខែមេសាឆ្នាំ២០២៣ខាងមុខ។
មានសញ្ញាមួយ ដែលបង្ហាញថា ការតវ៉ាអាចនឹងថមថយសន្ទុះបន្តិចនោះ បុគ្គលិកអនាម័យ នៅទីក្រុងប៉ារីសបានប្រកាសថា ពួកគេនឹងផ្អាកការធ្វើកូដកម្មរយៈពេលជាងបីសប្តាហ៍របស់ពួកគេ ដែលបានបន្សល់ទុកគំនរសំរាមដ៏ស្អុយទុកចោលមិនប្រមូលនៅតាមដងផ្លូវក្នុងរដ្ឋធានី។ ការកើនឡើងនៃគំនរសំរាមស្អុយរលួយនៅក្នុងរដ្ឋធានីបារាំងបានក្លាយជានិមិត្តរូបនៃការតវ៉ាទ្រង់ទ្រាយធំ។
ឯសហជីព CGT ដែលរៀបចំកូដកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កម្មករនឹងត្រឡប់ទៅធ្វើការវិញនៅថ្ងៃពុធទី២៩មីនាឆ្នាំ២០២៣»។ គេមិនច្បាស់ទេថាតើក្រុមហ៊ុនឯកជនដែលទទួលខុសត្រូវក្នុងការរក្សាសង្កាត់ប៉ារីសមួយចំនួនឱ្យស្អាត នឹងអាចចូលធ្វើការវិញឬអត់ទេ៕(ប្រែសម្រួលដោយ លោកសំណាង)