ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់កាបូបត្រូវបានសមត្ថកិច្ចបញ្ជូនឡើងតុលាការខេត្តពោធិ៍សាត់ នាថ្ងៃទី២៧មីនា បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់បានសម្រេច នៅចំណុចលើផ្លូវក្រាលគ្រួសក្រហមខាងជើងប្រឡាយទឹកស្តុកស្វាយ ស្ថិតក្នុងភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០និង៤០នាទី។
សមត្ថកិច្ចនិយាយនៅថ្ងៃទី២៧មីនាថា ជនសង្ស័យឈ្មោះ រ៉ុង រ៉ាអ៊ុល ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកញ្ចើបាយដាចឃុំវាល ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ។ ដំបូងជនសង្ស័យខាងលើបានជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ សៀមរាប1AL- 5156 មកដល់ចំណុចខាងលើបានធ្វើសកម្មភាពឆក់កាបូបលុយ របស់ជនរងគ្រោះឈ្មោះយិន ណាវី ភេទស្រីអាយុ២៥ឆ្នាំរស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ដែលបានជិះម៉ូតូមកពីទីរួមខេត្តពោធិ៍សាត់ មកលេងផ្ទះម្តាយនៅភូមិសាមគ្គីឃុំស្នាមព្រះ ស្រុកបាកាន ដែលសម្ភារនៅក្នុងកាបូបពណ៌ប្រផេះ១មានលុយចំនួន១៧៥,០០០រៀល ។
សមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ និងក្រុមគ្រួសារជនរងគ្រោះបានធ្វើការដេញតាម និងបានសហការជាមួយកម្លាំងនគរបាលក្រុងពោធិ៍សាត់ បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើបាននៅចំណុចផ្លូវពោធិ៍តាវង់ ស្ថិតក្នុងភូមិដង្កៀ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
វត្ថុតាងរួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដា ស៊េរី២០២១ពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប1AL-5156 ,កាបូបលុយពណ៌ប្រផេះចំនួន១មានលុយខ្មែរចំនួន១៧៥,០០០រៀល ជារបស់ជនរងគ្រោះនិងកាបូបលុយពណ៌ឈាមជ្រូកចំនួន១មានលុយ១៦០០០រៀលនិងទូរសព្ទដៃ១គ្រឿង ធារបស់ជនសង្ស័យ។
ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប្រគល់មកឲ្យសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាកាន ចាត់ការបន្ត។ចំពោះកាបូបដាក់លុយពណ៌ប្រផេះចំនួន១និងលុយខ្មែរចំនួន១៧៥,០០០រៀលបានប្រគល់ជូនជនរងគ្រោះឈ្មោះ យិន ណាវី វិញតាមបញ្ជាឯកឧត្តម កូយ កាន់យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់៕(ដោយ សំណាង៩៦)