ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញរូបភាពហ្វឹកហ្វឺនរបស់ឯកឧត្ដមកាលពី១០ឆ្នាំមុន អមជាមួយខ្លឹមសារ ពោរពេញដោយអត្ថន័យ ក្នុងការប្រឈមជាមួយហានិភ័យ និងការសម្រេចចិត្ត ដោយភាពការក្លាហាន មុះមុត ឯកភាពគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ខ្លឹមសារទាំងស្រុងរបស់ឯកឧត្ដមបានបង្ហាញថា « The Burden of Responsibility… ការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ គឺជាយុទ្ធវិធីមួយ ក្នុងការបញ្ជូនទ័ពដោយរហ័ស ចូលទៅក្នុងតំបន់ណាមួយ នៅលើសមរភូមិ ដែលផ្តល់អំណោយផល អោយកម្លាំងរបស់យើង ក្នុងការចាប់យកប្រៀបប្រយុទ្ធ។
សួរថាតើការលោតចុះពីលើឧទ្ធម្ភាគចក្រ ដែលមានរយៈកំពស់ខ្ពស់ពីដី ដោយពឹងលើខ្សែពួរមួយខ្សែ ជាពិសេសក្នុងតំបន់គ្រោះថ្នាក់តើមានហារនិភ័យទេ? ប្រាកដណាស់គឺមាន។ ប៉ុន្តែយើងមិនអាច យកហារនិភ័យនោះធ្វើជាឧបសគ្គ ហើយមិនហ៊ានលោតចុះដោយរហ័សនោះទេ (ជាពិសេសនៅពេលដែលយើងជាមនុស្សទីមួយ ដែលត្រូវលោតចុះ) ព្រោះ៖ ១) ជាភារកិច្ចនិងការទទួលខុសត្រូវរបស់យើង ដែលត្រូវតែធ្វើ
២) សុវត្ថិភាពរបស់អ្នកផ្សេង ដែលនៅក្នុងឧទ្ធម្ភាគចក្រ គឺត្រូវពឹងផ្អែក លើការសម្រេចចិត្តរបស់យើង (បើយើងមិនហ៊ានលោត ត្រូវធ្វើអោយស្ទះបេសកកម្មរបស់អ្នកផ្សេង និងរបស់ក្រុមទាំងមូល ហើយបើនៅកាន់តែយូរ នឹងបង្កហារនិភ័យកាន់តែខ្ពស់ ដល់អ្នកទាំងអស់គ្នា ព្រោះអាចក្លាយជាផ្ទាំងស៊ីបដ៏ធំមួយនៅលើអាកាស) , ៣) ភាពជោគជ័យរបស់បេសកកម្មរួមរបស់ក្រុមយើង គឺពឹងផ្អែកទាំងស្រុងលើការធ្វើប្រតិបត្តិការ ប្រកបដោយភាពក្លាហាន មុះមុត ឯកភាពគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់សមាជិកគ្រប់រូប រួមទាំងខ្លួនយើងផង។ (សំគាល់៖ រូបថតពីការហ្វឹកហ្វឺនរបស់ខ្ញុំ កាលពីជាង១០ឆ្នាំមុន) ៕ ដោយ ៖ គា សំណាង