បរទេស ៖ អតីតសិស្សប្រដាប់អាវុធម្នាក់បានបាញ់ប្រហារ បណ្តាលឱ្យកុមារបីនាក់និងបុគ្គលិកបីនាក់ហាត់បង់ជីវិតដូចជាការវាយប្រហារដែលបានគ្រោងទុកដោយប្រុងប្រយ័ត្ន នៅសាលាបឋមសិក្សាឯកជនមួយ ក្នុងទីក្រុងណាសវីល(Nashville) កាលពីថ្ងៃចន្ទទី២៧មីនាឆ្នាំ២០២៣ មុនពេលត្រូវប៉ូលិសបាញ់ស្លាប់វិញ ។
លោក ចន ដ្រេក (John Drake) មេប៉ូលិសក្រុងណាសវីល បានកំណត់ជនសង្ស័យឈ្មោះ អូដ្រេ ហ៊ែល (Audrey Hale) ភេទស្រី អាយុ២៨ឆ្នាំ ដែលក្រោយមកក្រុមមន្រ្តីនិយាយថា «ត្រូវបានកំណត់អត្តសញ្ញាណថាជាជនកែភេទ»។
មេប៉ូលិសក្រុងរូបនេះ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការផ្ទុះអំពើហិង្សាដោយកាំភ្លើងចុងក្រោយដែលអង្រួនសហរដ្ឋអាមេរិកយ៉ាងដូច្នេះថា «ហ៊ែល បានគូសវាសផែនទីសាលា បន្សល់នូវលិខិតបញ្ជាក់ចេតនាបាញ់ប្រហារ និងបានត្រៀមខ្លួនជាស្រេចដើម្បីតតាំងជាមួយសមត្ថកិច្ច»។
មេប៉ូលិសបន្តថា «ហ៊ែល ដែលប្រដាប់ដោយកាំភ្លើងវែងពីរដើមនិងកាំភ្លើងខ្លីមួយដើម បានចូលទៅក្នុងសាលាChristian Covenant ពីច្រកចូលចំហៀង បើកការបាញ់ប្រហារតាមច្រកទ្វារជាច្រើនគ្រាប់ ខណៈពេលកំពុងដើរឆ្លងកាត់អគារ»។
លោកនិយាយថា ក្រុមមន្រ្តីបានស្ថិតនៅកន្លែងកើតហេតុក្នុងពេលប្រហែល ១៥ នាទី បន្ទាប់ពីទទួលការតេទូរសព្ទបន្ទាន់លើកដំបូងនៅម៉ោងប្រហែល ១០ព្រឹក ដោយបានបាញ់តដៃជាមួយខ្មាន់កាំភ្លើង មុនពេលរូបគេត្រូវបានបាញ់ស្លាប់។
ប៉ូលិសបានកំណត់អត្តសញ្ញាណជនរងគ្រោះទាំង៦នាក់ ដោយនិយាយថា ក្មេងម្នាក់ក្នុងចំណោមបីនាក់មានអាយុ៩ឆ្នាំនិង ពីរនាក់ទៀតអាយុ៩ឆ្នាំ ចំណែកមនុស្សពេញវ័យដែលស្លាប់មានអាយុពី ៦០ ទៅ ៦១ ឆ្នាំ។
រូបភាពទូរទស្សន៍បានបង្ហាញក្មេងៗកាន់ដៃគ្នាពេលពួកគេចាកចេញពីសាលា ហើយរូបថតខ្លោចចិត្តមួយបានបង្ហាញក្មេងម្នាក់យំតាមបង្អួចឡានក្រុងពណ៌លឿងរបស់នាង ខណៈវាចាកចេញពីកន្លែងកើតហេតុ។
ចំណែកនាង អាវើរី មីរីក (Avery Myrick) បាននិយាយថា «ម្តាយរបស់នាង ដែលជាគ្រូបង្រៀននៅសាលាCovenant បានលាក់ខ្លួន នៅពេលដែលមានការបាញ់ប្រហារពេញសាលារៀន»។ មីរីកបានប្រាប់ទូរទស្សន៍WSMV4 ជាសម្ពន្ធរបស់ទូរទស្សន៍ NBC ថា «ម៉ាក់ថាគាត់លាក់ខ្លួននៅក្នុងទូ ហើយមានការបាញ់ប្រហារគ្រប់កន្លែង»។ ពេលនាងបានឮថាម្ដាយរបស់នាងមានសុវត្ថិភាព វាបាននាំមកនូវ «ការធូរស្បើយយ៉ាងខ្លាំង»៕(ប្រែសម្រួលដោយ លោកសំណាង)