ផ្ទុះការតវ៉ាទ្រង់ទ្រាយធំ បន្ទាប់ពីនាយករដ្ឋមន្ត្រី អ៊ីស្រាអែល បណ្តេញរដ្ឋមន្ត្រីការពារជាតិ

បរទេស ៖ ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ បាននាំគ្នាដង្ហែតាមដងផ្លូវនៃទីក្រុងនានា នៅទូទាំងប្រទេសកាលពីយប់ថ្ងៃអាទិត្យទី២៦មីនាឆ្នាំ២០២៣ ក្នុងការផ្ទុះកំហឹងដោយឯកឯង បន្ទាប់ពីនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ(Benjamin Netanyahu) បណ្តេញរដ្ឋមន្ត្រីការពារជាតិ របស់លោកភ្លាមៗសម្រាប់ការជំទាស់នឹងផែនការកែប្រែប្រព័ន្ធតុលាការ ។

ក្រុមបាតុករនៅទីក្រុងតែលអាវីវ (Tel Aviv) បានបិទផ្លូវហាយវេដ៏សំខាន់មួយនិងដុតភ្នក់ភ្លើងធំៗជាច្រើនកន្លែង ខណៈប៉ូលិសបានប៉ះទង្គិចជាមួយក្រុមបាតុករដែលប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះឯកជនរបស់លោកណេតាន់យ៉ាហ៊ូ ក្នុងទីក្រុងហ្ស៊េរុយសាឡិម។

បាតុកម្មនេះកាន់តែធ្វើឱ្យផុងជម្រៅនូវវិបត្តិជាច្រើនខែ ជុំវិញផែនការរបស់លោកណេតាន់យ៉ាហ៊ូ ក្នុងការជួសជុលប្រព័ន្ធតុលាការ ដែលបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ ជាហេតុនាំឱ្យមានការបារម្ភ ពីសំណាក់មេដឹកនាំអាជីវកម្មនិងអតីតប្រធានសន្តិសុខ និង ទាក់ទាញការព្រួយបារម្ភពីសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តជិតស្និទ្ធផ្សេងទៀត។

ចំពោះការបណ្តេញរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក យ៉ូវ ហ្គាលែន (Yoav Gallant) បានបង្ហាញសញ្ញាថា «នាយករដ្ឋមន្ត្រីនិងសម្ពន្ធមិត្តរបស់គាត់នឹងនឹងសម្រុកធ្វើផែនការផ្លាស់ប្តូររូបគាត់នៅសប្តាហ៍នេះ»។ លោកហ្គាលែនបានក្លាយជាសមាជិកជាន់ខ្ពស់ដំបូងគេនៃគណបក្សកាន់អំណាច លីឃុត (Likud) ដែលចេញមុខប្រឆាំងនឹងការកែប្រព័ន្ធតុលាការ ដោយនិយាយថា ការបែកបាក់ដ៏ជ្រៅនេះកំពុងគំរាមធ្វើឱ្យយោធាចុះខ្សោយ។

ខណៈ​ក្រុម​អ្នក​តវ៉ា​បានជោរ​ជន់ពេញដង​ផ្លូវរហូតដល់​យប់​ជ្រៅ ក្រុមរដ្ឋ​មន្ត្រីរបស់បក្សលីឃុត បាន​ចាប់​ផ្តើម​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ផ្អាកការអនុវត្តផែនការ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក មីកគី ហ្សូហា (Micky Zohar) ជាមនុស្សជំនិតរបស់លោកណេតាន់យ៉ាហ៊ូ បាននិយាយថា «គណបក្សនឹងគាំទ្រគាត់ ប្រសិនបើគាត់សម្រេចចិត្តផ្អាកការកែប្រែប្រព័ន្ធតុលាការ»។

ចំណែកប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​បាន​និយាយ​ថា មេដឹកនាំ​ក្នុង​ក្រុម​ចម្រុះ​របស់​លោកណេតាន់យ៉ាហ៊ូ នឹង​ជួប​គ្នា​នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ ហើយនៅរសៀលថ្ងៃចន្ទ ចលនា​តវ៉ាដ៏ធំនេះ​និយាយ​ថា ខ្លួន​នឹង​ធ្វើ​មហា​បាតុកម្ម​មួយ​ទៀត​នៅ​ខាង​ក្រៅ​វិមាន Knesset ឬវិមាន​សភា​ក្នុង​ក្រុងហ្ស៊េរុយសាឡិម៕ (ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *