បើកម៉ូតូទាំងងងុយគេង ទៅបុកបង្គោលផ្លាកសញ្ញា ធ្លាក់ប្រឡាយស្លាប់នារីម្នាក់

ភ្នំពេញ ៖ នារីម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតបួសស្រាល បន្ទាប់ពីជិះម៉ូតូរេចង្កូតបុកបង្គោល ផ្លាកសញ្ញាធ្លាក់ចូលប្រឡាយទឹកស្អុយ កាលវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចមុខបុរីញ៉ូផោន ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឈាង នីហ្សា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរធ្វើការរោងចក្រ រស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ និងអ្នកជិះពីក្រោយ រងរបួសស្រាល មានឈ្មោះ ឃាន់ ថាវី  ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។ អ្នកទាំងពីរជិះម៉ូតូម៉ាក ស៊ុយគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FI-5253   ។

នារីដែលរបួសស្រាលរៀបរាប់ថា គ្នាគាត់មាន៣ម៉ូតូគ្រឿង មនុស្ស៥នាក់ ជិះទៅលេងនៅមាត់ទន្លេមុខវាំង។រហូតដល់ជិតភ្លឺក៏ត្រឡប់មកវិញ ក្នុងគោលបំណងទៅបន្ទប់ជួល នៅខណ្ឌកំបូល ។ នីហ្សា បើកម៉ូតូបណ្ដើរនិយាយប្រាប់គាត់ថា ងងុយគេង តែមិនចាប់អារម្មណ៍ ។ លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកស្ដាំដៃបុកបង្គោលផ្លាកសញ្ញាចំណតរថយន្តក្រុង ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ បណ្តាលឲ្យនីស្សាស្លាប់ភ្លាមៗ ។ 

ក្រោយពីកើតហេតុ សមត្ថកិច្ចវាស់វែង យកម៉ូតូទៅរក្សាទុក ចំណែកសព ត្រូវសាច់ញាតិដឹកទៅ គីឡូម៉ែត្រលេខ៩ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *