បាត់ដំបង ៖ សម្ដេចឧបនាយករដ្ឋមន្ត្រីបានរម្លឹកថា យើងទាំងអស់គ្នាបានដឹងហើយថា ក្នុងរបបប្រល័យ ពូជ សាសន៍ ប៉ុល ពតសេរីភាពសម្រាប់ជំនឿសាសនា ត្រូវលុបបំបាត់ចោលទាំងស្រុង។ រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ វត្តអារាម និងវិហារសាសនាផ្សេងៗ ព្រមទាំងសមិទ្ធផលនានា បំរើឱ្យសាសនិកនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាស្តារឡើងវិញពីចំណុចសូន្យ ហើយបច្ចុប្បន្ននេះ មានភាពរីកចម្រើនគួរជាទីមោទនៈ ។
សម្ដេចបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក៏បានពង្រឹងសុខដុមនីយកម្ម រវាងសាសនិកនៃគ្រប់សាសនា ប្រឆាំងការរើសអើងប្រឆាំងការបែងចែកក្នុងចំណោមប្រជាពលរដ្ឋ ដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ ឱ្យក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម។
សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តទឹកជុំមានជ័យ (វត្តកោះចារ) ស្ថិតនៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក្រុមការងាររាជរដ្ឋាភិបាល និងដោយឡែកក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកមោងឫស្សីខេត្តបាត់ដំបង និងសប្បុរសជនដែលបានបរិច្ចាគ នូវធនធានជាច្រើន ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យពុទ្ធសាសនា និងវិស័យផ្សេងៗជាច្រើនទៀត ក្នុងមូលដ្ឋានខេត្តបាត់ដំបង ពិសេសការកសាងសមិទ្ធផល ដែលសម្ពោធនាថ្ងៃនេះ ៕ ដោយ ហួត សម្បត្តិ