ភ្នំពេញ ៖ រយៈពេល២ថ្ងៃកន្លងទៅនេះ មានជនបរទេស២នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនជាបន្តបន្ទាប់ គឺបុរសជនជាតិអាមេរិកអារកសម្លាប់ខ្លួនព្រោះតែរកលុយទ្រទ្រង់និងផ្គត់ផ្គង់មជ្ឈមណ្ឌលកុមារកំព្រាមិនបាន និងជំពាក់លុយគេចំនួនជាង៧០ម៉ឺនដុល្លារ និងករណីមួយទៀតមានបុរសជនជាតិចិនម្នាក់លោតពីលើអគារជាន់ទី៦ បណ្តាលឱ្យស្លាប់ មិនទាន់ដឹងមូលហេតុ ។
ករណីទី១-មានករណីបុរសជនជាតិអាមេរិកស្លាប់ ដោយសារអារកខ្លួនឯង កើតឡើងនៅចំណុចផ្ទះលេខ២៣៩ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង១០នឹង៤០នាទី ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ OLBRICK THEODORE CRAIG ភេទប្រុស ឆ្នាំកំណើត១៩៤៦ ជនជាតិអាមេរិក មុខរបរទីប្រឹក្សាមជ្ឈមណ្ឌលកុមារកំព្រានៃសេចក្តីសន្យាដំណឹងទាំង៤ កាន់លិខិតឆ្លងដែនលេខ៥៣១០៤៧៤១៥ មានទីលំនៅផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា នៅព្រឹកថ្ងៃកើតហេតុ មិត្តស្រីជនរងគ្រោះភ្ញាក់ពីដេកមកមិនឃើញជនរងគ្រោះ រួចក៏បានឲ្យអ្នកនៅក្នុងផ្ទះដើររកស្រាប់ប្រទះឃើញជនរងគ្រោះស្លាប់នៅក្នុងបរិវេណផ្ទះ ដោយមានកាន់កាំបិតនៅដៃស្តាំ។
យោងតាមការបំភ្លឺពីឈ្មោះ មាស សុខា ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិកជនរងគ្រោះបានឲ្យដឹង នៅវេលាម៉ោងប្រហែល០៨និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ខ្ញុំបានដើរក្នុងបរិវេណផ្ទះ ហើយមិត្តស្រីជនរងគ្រោះបានប្រាប់ថាបានឃើញជនរងគ្រោះទេ ,ហើយខ្ញុំឆ្លើយថា«មិនបានឃើញទេ»រួចខ្ញុំក៏បានចេញទៅរកមើលនៅខាងមុខផ្ទះសួរគេឯងតែមិនមានអ្នកណាឃើញទេ, ទើបខ្ញុំបានដើរមករកមើលនៅក្នុងបរិវេណផ្ទះផ្នែកខាងក្រោយស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់មានកាន់កាំបិតនៅដៃខាងស្តាំ។
យោងតាមការបំភ្លឺពីឈ្មោះ ស៊ូ មន្ថា ភេទស្រី អាយុ៧៦ឆ្នាំ ជាមិត្តស្រីជនរងគ្រោះបានឲ្យដឹងថា«នាងខ្ញុំ និងមិត្តប្រុសបានរស់នៅជាមួយគ្នារយៈពេលជាង៥ឆ្នាំមកហើយ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ, រយៈពេលប្រហែល១ឆ្នាំនេះមិត្តប្រុសនាងខ្ញុំចាប់ផ្តើមមានបញ្ហាផ្លូវចិត្តដោយសារពុំមានលទ្ធភាពរកលុយជួយផ្គត់ផ្គង់មជ្ឈមណ្ឌលកុមារកំព្រា និងជំពាក់លុយគេចំនួនជាង៧០ម៉ឺនដុល្លារ ហើយក៏បានទៅមន្ទីរពេទ្យសាន់រ៉ាយដើម្បីព្យាបាលជម្ងឺ។
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នាងខ្ញុំ និងមិត្តប្រុស ព្រមទាំងក្រុមការងារបាននាំគ្នាទៅដើរលេងខេត្តព្រះសីហនុដើម្បីឲ្យប្តីនាងខ្ញុំមានអាការៈធូរស្រាលបញ្ហាផ្លូវចិត្តខ្លះ លុះល្ងាចឡើងទៅត្រឡប់មកផ្ទះវិញ។ ដល់វេលាម៉ោងប្រហែល០៩ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នាងខ្ញុំភ្ញាក់ពីដេកមកមិនឃើញមិត្តប្រុសទើបនាងខ្ញុំបានចេញមកក្រៅដើម្បីរកមើលតែមិនឃើញទើបនាងខ្ញុំបានប្រាប់ឲ្យបុគ្គលិកនាងខ្ញុំ ជួយនាំគ្នាដើររក មួយសន្ទុះក្រោយមកស្រាប់តែបុគ្គលិកនាងខ្ញុំមកប្រាប់ថាឃើញមិត្តប្រុសនាងខ្ញុំ ស្លាប់នៅបរិវេណផ្ទះមានប្រឡាក់ឈាម និងកាន់កាំបិតនៅដៃខាងស្តាំ ទើបនាងខ្ញុំទៅមើល ហើយក៏ផ្តល់ពត៌មានទៅសមត្ថកិច្ច។
យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានបានថា«ជនរងគ្រោះស្លាប់ដោយការធ្វើអត្តឃាត អារក សម្លាប់ខ្លួនឯង»។
បច្ចុប្បន្នសពបានប្រគល់ឲ្យក្រុមគ្រួសារនៃសពរង់ចាំខាងស្ថានទូតអាមេរិកបំពេញបែបបទបន្ត ដោយមិនទាន់អនុញ្ញាតឱ្យបូជាសពឡើយ។
ករណីទី២-មានករណីជនជាតិចិនធ្វេីអត្តឃាតលោតពីអគារជាន់ទី៦ ដោយខ្លួនឯង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៣ នៅចំណុចសណ្ឋាគារសុីធី ខមហ្វត ស្ថិតនៅផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សាកសពឈ្មោះ ZHANG XIAOTIAN ភេទប្រុស ឆ្នាំកំណេីត ១៩៩១ ជនជាតិចិន កាត់លិខិតឆ្លងដែនលេខ EG4791987 ស្នាក់នៅមិនពិតប្រាកដ។
សមត្ថកិច្ចបន្តថា ដោយបានទទួលដំណឹងពីបុគ្គលិកសណ្ឋាគារ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម និង កម្លាំងជំនាញខណ្ឌបានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ រួចបានរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និង សមត្ថកិច្ចជំនាញដទៃទៀត
ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។
ក្រោយចុះដល់កន្លែងកើតហេតុ និងឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ រាជធានីភ្នំពេញ បានបញ្ជាក់ថា «ជនរងគ្រោះបានស្លាប់ដោយធ្វេីអត្តឃាតខ្លួនឯង លោតពីអគារជាន់ទី៦ ប៉ះទង្គិចខ្លួនប្រាណធ្ងន់ធ្ងរបណ្តាលឱ្យស្លាប់»។
បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់នៅសាលតម្កល់សពនៅវត្តស្ទឹងមានជ័យ ៕(ដោយសំណាង៩៦)