បារាំងហាមឃាត់ TikTok និង Twitter ពីទូរសព្ទ របស់មន្ត្រីរដ្ឋាភិបាល

បរទេស ៖ ប្រទេសបារាំងបានប្រកាសកាលពីថ្ងៃសុក្រទី២៤មីនាឆ្នាំ២០២៣ថា ខ្លួននឹងហាមឃាត់ការប្រើប្រាស់កម្មវិធីកម្សាន្ត TikTok, Twitter, Instagram និងកម្មវិធីផ្សេងទៀតនៅលើទូរសព្ទរបស់មន្ត្រីរដ្ឋាភិបាល ដោយសារតែការព្រួយបារម្ភអំពីវិធានការសុវត្ថិភាពទិន្នន័យមិនគ្រប់គ្រាន់។

ចំពោះចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានការរឹតបន្តឹងស្រដៀងគ្នាលើ TikTok នៅក្នុងបណ្តាប្រទេសប្រជាធិបតេយ្យ ចំពេលមានការបារម្ភអំពីការជាប់ទាក់ទងរបស់ចិនលើកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមនេះ។ ប៉ុន្តែការសម្រេចចិត្តរបស់បារាំងក៏បានគ្របដណ្តប់លើវេទិកាផ្សេងទៀត ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយមន្ត្រីរដ្ឋាភិបាល សមាជិកសភា និងប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង ខ្លួនលោកផ្ទាល់។

លោក ស្តានីស្លាស កេរីនី (Stanislas Guerini) រដ្ឋមន្ត្រីក្រសួងកំណែទម្រង់និងរដ្ឋបាលសាធារណៈបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កម្មវិធី កម្សាន្ត ទាំងនេះមិនមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងសេវាកម្មរដ្ឋបាលរបស់រដ្ឋទេ ហើយអាចបង្ហាញហានិភ័យសម្រាប់ការការពារទិន្នន័យ»។

សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីកម្មវិធីណាមួយដែលត្រូវបានហាមឃាត់នោះទេ ប៉ុន្តែបានកត់សម្គាល់ថាការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសផ្សេងទៀតបានចាត់វិធានការលើ TikTok ។ការហាមឃាត់នេះនឹងត្រូវបានត្រួតពិនិត្យដោយទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតរបស់បារាំង ។

ចំណែកមន្ត្រីការិយាល័យរបស់លោកកេរីនីបាននិយាយនៅក្នុងសារមួយទៅកាន់ទីភ្នាក់ងារសារព័ត៌មានAssociated Press ថា ការហាមឃាត់ក៏នឹងរួមបញ្ចូល Twitter, Instagram, Netflix កម្មវិធីហ្គេមដូចជា Candy Crush និងកម្មវិធីណាត់ជួបផង ហើយក៏មានករណីលើកលែងដែរ។ ប្រសិនបើមន្ត្រីចង់ប្រើកម្មវិធីហាមឃាត់សម្រាប់គោលបំណងវិជ្ជាជីវៈ ដូចជាការធ្វើទំនាក់ទំនងសាធារណៈ ពួកគេអាចស្នើសុំការអនុញ្ញាតដើម្បីធ្វើដូច្នេះបាន៕( ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *