រោងចក្រមួយចំនួនដែលព្យូរការងារ បានបើកទ្វារឡើងវិញ បន្ទាប់ពីមានការបញ្ជាទិញ

ភ្នំពេញ ៖ កម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរមួយចំនួន បានចូលម្រើការងារវិញខ្លះៗហើយ នៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន បន្ទាប់ពីមានការបញ្ជាទិញឡើងវិញ និងស្របពេលរោងចក្រថ្មីៗជាច្រើនកន្លែងផ្សេងទៀត បានបើកទ្វារជ្រើសរើសកម្មករ-កម្មការិនីចូលបម្រើការងារ ។

លោកស្រី ទេព គឹមវណ្ណារី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា លើកឡើងក្នុងកិច្ចប្រជុំផ្ទេរតំណែងលេខាធិការដ្ឋាន ក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា (ITUC-CC) រវាងសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) និងសហភាពសហជីពកម្ពុជា (CCU) នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៣ នេះថា «ជុំវិញវិស័យការងារក្នុងពេលបច្ចុប្បន្ន លោកស្រីបានសង្កេតឃើញថា បន្ទាប់ពីមានរោងចក្រមួយចំនួនបិទទ្វារ និងបានព្យូរការងារកម្មករនិយោជិត កម្ពុជាក៏មានរោងចក្របើកថ្មីនៅក្នុងវិស័យវាយនភណ្ឌ និងស្បែកជាច្រើនកន្លែងផងដែរ ដែលធ្វើឲ្យបងប្អូនកម្មករ-កម្មការិនីមួយចំនួន មានការងារធ្វើ ដើម្បីជីវភាពការងាររស់នៅប្រចាំថ្ងៃរបស់ពួកគាត់»។

លោកស្រី បន្តថា ទាក់ទងវិស័យការងារនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនី ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលបានគ្រោងថវិការឆ្លើយតបសកម្មភាពគាំពារសង្គមរួមមាន៖ ការបន្តគាំពារថែទាំសុខភាពសម្រាប់កម្មករ បន្តការឧបត្ថម្ភមាតុភាពសម្រាប់កម្មករ និយោជិត ដែលបានគ្រោងនៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល សម្រាប់បន្តបើកផ្តល់ជូនកម្មការិនីក្រោយពេលសម្រាលកូនរួច និងសម្រាកលំហែរមាតុភាពជាដើម។ 

លោកស្រី ថ្លែងបន្តឲ្យដឹងថា ទាក់ទិនវិស័យការងារនេះ បន្ទាប់ពីមានរោងចក្រមួយចំនួនបានបិតទ្វារ និងបានព្យូរការងារ, រាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំភ្លាមៗ ស្តីពីការព្យូរកិច្ចសន្យាការងារ ដើម្បីធ្វើយ៉ាងណាជួយរក្សាលំនឹងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ លោកស្រី ថ្លែងបន្តថា ពាក់ព័ន្ធវិស័យការងារនេះដែរ ស្របពេលរោងចក្រមួយចំនួនបានបិទទ្វារ និងរោងចក្រមួយចំនួនទៀតដែលព្យូរការងារ យើងក៏សង្កេតឃើញរោងមួយចំនួន ក៏មានរោងចក្របើកថ្មីជាបណ្តើរៗផងដែរ ដែលរោងចក្រទាំងនេះ អាចស្រូបយកកម្មករ កម្មការិនី ចូលបម្រើការងារជាបន្តបន្ទាប់។

នៅក្នុងប្រជុំផ្ទេរតំណែងលេខាធិការដ្ឋាន ដែលមានសហភាពធំៗចំនួន៣គឺ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា(CCTU)ដឹកនាំដោយលោកស្រី ទេព គឹមវណ្ណារី, សហភាពសហជីពកម្ពុជា (CCU)ដឹកនាំដោយលោកអាត់ ធន់ និងសហភាពការងារកម្ពុជា(CLC) ដឹកនាំដោយលោកឡុង រីម ប្រារព្ធធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់២ បានបង្កើតឡើងដឹកនាំ ITUC-CCនេះ វិលជុំមួយឆ្នាំម្តង ។

លោក ប៉ាទួន (Patuan)  មន្ត្រីជាន់ខ្ពស់សហភាពសហជីពអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្រ្វិក បានលើកឡើងថាជុំវិញការផ្លាស់ប្តូរវេនគ្នា រវាងសហភាពទាំង៣ នៅកម្ពុជានេះ គឺជាការផ្លាស់ប្តូរនៃរបៀបដឹកនាំការងារមួយ ដែលមានគោលដៅដូចគ្នាគឺ ដើម្បីស្វែករកការអនុវត្តការងារប្រកបដោយសមធម៌ ដែលជាការអត្ថប្រយោជន៍ក្នុងវិស័យការងារដល់កម្មករនិយោជិត ដែលពីមុនសហជីពទាំងអស់ ច្រើនតែមាននិន្នាការផ្សេងគ្នា គោលដៅផ្សេងគ្នា តែបច្ចុប្បន្នយើងអាចអង្គុយជជែកគ្នា ជាក់ស្តែងក្នុងបរិបទរោងចក្របិទទ្វារ ឬការព្យូការងារនេះជាដើម យើងត្រូវស្វែងរកគន្លឹះ ឬជជែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ផលប្រយោជន៍រួមរបស់កម្មករនិយោជិត។

សូមបញ្ជាក់ថា ថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យួរកិច្ចសន្យាការងារកម្មករនិយោ ជិត ធ្វើការនៅរោងចក្រក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបដែលរងផលប៉ះពាល់ ដោយសារវិបត្តិសេដ្ឋកិច្ចសកល ។ 

ក្នុងនោះបងប្អូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារចាប់ពីថ្ងៃទី១ ខែ មេសា ឆ្នាំ២០២៣ នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភរួមមាន ចំនួន ២០ ដុល្លារអាមេរិក ពីរាជរដ្ឋាភិបាល និងចំនួន ១៥ ដុល្លារអាមេរិក ពីនិយោជក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ទៅ ១៤ថ្ងៃ និងចំនួន ៤០ ដុល្លារអាមេរិក ពីរាជរដ្ឋាភិបាល និង ៣០ ដុល្លារអាមេរិក ពីនិយោជក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ទៅ ១ខែ៕(ដោយ ហៃ សុករា)

Leave a Reply

Your email address will not be published. Required fields are marked *