ឯកឧត្តម ខៀវ កាញារីទ្ធ ៖ មានតែប្រទេសកម្ពុជាតែមួយគត់ ដែលនាយករដ្ឋមន្ត្រី ហូបបាយជាមួយអ្នកកាសែត

ភ្នំពេញ ៖ ថ្លែងក្នុពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅសណ្ឋាគារសុខាភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា អ្នកព័ត៌មានយើងពិតជាមានសំណាង ព្រោះមានតែប្រទេសកម្ពុជាតែមួយគត់ ដែលនាយករដ្ឋមន្ត្រី ហូបបាយជាមួយអ្នកកាសែត ។ 

ឯកឧត្ដមបន្តថា នៅកម្ពុជាមាន សមាគមសារព័ត៌មានចំនួនជាង៥០ ដែលនៅប្រទេស គេមានសមាគមសារព័ត៌មាន ១ឬ២ប៉ុណ្ណោះនេះបង្ហាញឱ្យឃើញពីសិទ្ធសេរីភាព លើវិស័យព័ត៌មាន ។ ឯកឧត្ដមជម្រុញអ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំង ជាមួយនិងព័ត៌មានក្លែងក្លាយ។ ជាពិសេស អ្នកសារព័ត៌មានទាំងអស់ត្រូវ ត្រៀមទប់ស្កាត់ព័ត៌មានមិនពិត ដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិ កាលទី៧ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ជិតចូលមកដល់ ។ 

លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានប្ដេជ្ញាចិត្តគោរព អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ប្រសាសន៍របស់ ឯកឧត្តម ស សុខា ប្រធានកិត្តយស IPA ក្នុងការបន្តចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ និងគោរពឱ្យបាននូវក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់ស្ដីពីរបបសារព័ត៌មាន និងជួយផលិតផ្សព្វផ្សាយ ពីការអប់រំស្ដីពី គ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ដោយសារគ្រឿងញៀនជាដើម ។ 

លោកបណ្ឌិតក៏បានគូសបញ្ជាក់ជូនគណៈអធិបតី ពីគោលបំណងបង្កើតសមាគមន៍នេះឡើង ដើម្បីចងក្រង អង្គភាពសារសារព័ត៌មាននិងកៀរគរអ្នកសារព័ត៌មាន សិស្ស និស្សិត យុវជន ពលរដ្ឋ រួមគ្នាពង្រឹង គុណភាព នៃការផ្សព្វផ្សាយនៅកម្ពុជា ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្ត ច្បាប់ស្តីពីរបបសារព័ត៌មាន បណ្តុះបណ្តាលជំនាញសារព័ត៌មាន ផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយនិងជំរុញគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផ្សព្វ ផ្សាយសមិទ្ធផលនានារបស់ថ្នាក់ក្រោមជាតិ និងចូលរួមអភិវឌ្ឍប្រទេសជាតិ អោយតែរីកចម្រើន ក្រោមដំបូលនៃសន្តិភាពតែមួយ ។

សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ ដែលមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា និមន្ត និងអញ្ជើញចូលរួមចំនួន៥៦០អង្គ/នាក់៕ (ដោយ ៖ ហៃ សុករា )

Leave a Reply

Your email address will not be published. Required fields are marked *