បរទេស ៖ បាតុករជាង ១ លាននាក់ បានធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ទី២៣មីនាឆ្នាំ២០២៣ ប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍ដ៏គ្មានប្រជាប្រិយភាព ហើយអំពើហិង្សានេះបានផ្ទុះឡើងនៅកន្លែងខ្លះ ខណៈសហជីពនានា អំពាវនាវឱ្យមានកូដកម្មនិងការតវ៉ាទូទាំងប្រទេសជាថ្មី នៅសប្តាហ៍ក្រោយ គាប់ជួនពេលដែលស្តេចឆាលទីបី គ្រោងនឹងយាងមកប្រទេសបារាំង។
ក្រសួងមហាផ្ទៃបារាំងបាននិយាយថា «ការដើរដង្ហែក្បួនតវ៉ានៅទីក្រុងប៉ារីស ដែលត្រូវបានបង្អាក់ដោយអំពើហិង្សាដូចការដង្ហែក្បួនជាច្រើនកន្លែងផ្សេងទៀតដែរនោះ បានទាក់ទាញមនុស្សចូលរួមចំនួន ១១៩.០០០ នាក់ ដែលជាកំណត់ត្រាមួយសម្រាប់រដ្ឋធានីក្នុងអំឡុងការតវ៉ាប្រាក់សោធននិវត្តន៍»។
បើតាមការស្ទង់មតិនានានិយាយថា «ប្រជាជនបារាំងភាគច្រើនប្រឆាំងនឹងច្បាប់របស់ប្រធានាធិបតី អេមម៉ានុយអែលម៉ាក្រុង ក្នុងការបង្កើនអាយុចូលនិវត្តន៍ពី ៦២ ទៅ ៦៤ ឆ្នាំ ដែលគាត់និយាយថា ចាំបាច់ដើម្បីរក្សាប្រព័ន្ធនេះឱ្យនៅដំណើរការ»។
សហជីពនានាភ្លាមៗ បានអំពាវនាវឱ្យមានការតវ៉ានិងកូដកម្មជាថ្មីនៅថ្ងៃអង្គារក្រោយ នៅពេលដែលស្តេចអង់គ្លេសគ្រោងនឹងយាងទៅទីក្រុងប័រដូ (Bordeaux) នៅថ្ងៃទីពីរនៃព្រះរាជទស្សនកិច្ចរបស់ទ្រង់មកកាន់ប្រទេសបារាំង។ចំណែកកាសែត Sud Ouest បាននិយាយថា ទ្វារឈើប្រណីតដ៏ធ្ងន់នៃសាលាក្រុងប័រដូរត្រូវបានដុតបំផ្លាញខ្ទេចខ្ទីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដោយសមាជិកនៃបាតុកម្មដែលគ្មានការអនុញ្ញាត។
លោក ជើរ៉ាល់ ដាម៉ានីន (Gerald Darmanin) រដ្ឋមន្ត្រីមហាផ្ទៃបារាំង ដែលចុះទៅមើលទីស្នាក់ការប៉ូលិសកាលពីយប់ថ្ងៃព្រហស្បតិ៍ខណៈភ្លើងនៅតែឆេះនៅក្នុងសង្កាត់មួយចំនួននៅទីក្រុងប៉ារីស បានផ្តល់ការធានាថា សន្តិសុខមិនមានបញ្ហាទេហើយព្រះមហាក្សត្រអង់គ្លេសនឹងត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ។នៅទូទាំងប្រទេស មនុស្សជាងមួយលាននាក់បានចូលរួមការដង្ហែក្បួនតវ៉ាដែលបានធ្វើឡើងនៅក្នុងទីក្រុងនិងទីប្រជុំជនទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍។
លោកបាននិយាយថា មានការខូចខាតអគារសាធារណៈនិងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍ធ្ងន់ធ្ងរជាងបាតុកម្មពីមុនៗឆ្ងាយណាស់។ លោករដ្ឋមន្ត្រីបាននិយាយថា «តែងតែមានពួកបង្ករឿង ដែលភាគច្រើនជាពួកឆ្វេងនិយមជ្រុល ដែលចង់ផ្តួលរំលំរដ្ឋនិងសម្លាប់ប៉ូលិស ហើយទីបំផុតកាន់កាប់ស្ថាប័ននានា»៕(ប្រែសម្រួលដោយ លោកសំណាង)