ភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ និងសង្កាត់កោះដាច់ ចុះត្រួតពិនិត្យករណីចាក់ដីចូលទន្លេ ស្ថាបនាច្រាំងខុសច្បាប់ បំពានទៅលើដីច្រាំងទន្លេមេគង្គ ដែលជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ។
លោក ឃ្លាំង ហួត បានឋឱ្យដឹងថា ករណីការស្ថាបនាច្រាំងខុសច្បាប់ខាងលេីនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការវាស់វែង ផ្ទៀងផ្ទាត់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ អចលនវត្ថុលេខៈភព៧៣៧២៧ ឃេីញថាដីកម្មសិទ្ធិមានទំហំ ៨៣៣៨ម៉ែត្រក្រឡា ហេីយការកាន់កាប់ របស់ឈ្មោះ ឡាន ពីវិន លើសពី ដីក្នុងប័ណ្ណទំហំ១២៦៥២ម៉ែត្រក្រឡា និងបានចាក់ដីចូលជ្រៅ ទៅក្នុងទន្លេទំហំ១១២៤៦ម៉ែត្រក្រឡា។
សូមបញ្ជាក់ថាការចាក់ដីចូលទន្លេ ស្ថាបនាច្រាំងខុសច្បាប់ខាងលើនេះ គឺម្ចាស់ដីទទួលបានលិខិតអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ហេីយមិនបានសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរជំនាញនោះទេ ។
ក្នុងករណីនេះ លោកបានណែនាំដូចខាងក្រោម៖ -តម្រូវឱ្យម្ចាស់ដីដែលបានចាក់ដីចូលទន្លេដេីម្បីសាងសង់ច្រាំងបំពានខាងលេី ត្រូវបញ្ឈប់ជាបន្ទាន់ បេីពុំនោះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងមុឺងម៉ាត់បំផុត -ណែនាំឱ្យម្ចាស់ដីខាងលេីគ្រប់គ្រង និងស្នេីសុំសាងសង់អ្វីមួយតែលេីដីកម្មសិទ្ធិរបស់ខ្លួនដែលមានទំហំ៨៣៣៨.៥២ម៉ែត្រក្រឡា -ចំណែកដីទំហំ ១២៦៥២ ម៉ែត្រក្រឡាដែលជាដីច្រាំងដុះ និងដីដែលបានចាក់ដីចូលជ្រៅទៅទន្លេខុសច្បាប់ទំហំ ១១២៤៦ម៉ែត្រក្រឡា ត្រូវទុកជាសម្បត្តិរដ្ឋដេីម្បីបម្រេីជាប្រយោជន៍សាធារណៈ ករណីជនទាំងឡាយណាចង់ប្រេីប្រាស់ដីនេះ លុះត្រាតែស្នេីសុំទៅរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ ៖ គា សំណាង