ព្រៃវែង ៖ បុរសម្នាក់គិតខ្លីបានចងកសម្លាប់ខ្លួន នៅលើដើមខ្វិតក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣ វេលាម៉ោង ៨និង៣០នាទី នៅចំណុចភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។
សមត្ថកិច្ចបានឱ្យដឹងថា សពឈ្មោះ ឡុង សឹម ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាងខេត្តព្រៃវែង បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅចំណុចមែកដើមខ្វិត ក្នុងភូមិចាស់ខាងក្រោយផ្ទះរបស់សាកសព។
តាមការបំភ្លឺរបស់ប្រពន្ធសពឈ្មោះ នាង អេង អាយុ ៦០ ឆ្នាំ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ប្តីរបស់ខ្លួនមានជំងឺទឹកនោមផ្អែម និងជំងឺរបេងធ្ងន់ធ្ងរ ទៅពេទ្យព្យាបាលមិនជា និងបានជំពាក់លុយគេច្រើន គ្មានលុយយកទៅមើលជំងឺហើយប្ដីរបស់ខ្លួនចេះតែនិយាយថា «ចង់ទៅចងក សម្លាប់ខ្លួន»។
លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៦និង៣០នាទី ខ្លួនភ្ញាក់ពីដេក បាត់ប្ដីមិនឃើញ ក៏ដើររករហូតដល់ម៉ោងប្រហែល ៨និង៣០នាទី ក៏ប្រទះឃើញប្ដីរបស់ខ្លួនចងកនឹងមែកដើមខ្វិត ក្នុងភូមិចាស់ខាងក្រោយផ្ទះស្លាប់បាត់ហើយ ។
បន្ទាប់ពីធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យរបស់លោកគ្រូពេទ្យ និងផ្អែកតាមការបំភ្លឺរបស់ប្រពន្ធ សាកសពពិតជាស្លាប់ ដោយសារចងកសម្លាប់ខ្លួនឯងប្រាកដមែន មិនពាក់ព័ន្ធបទល្មើសអ្វីឡើយ ។ ក្រោយពិនិត្យរួច សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ដោយ ប៉ូច គឹមសុខ