កំពង់ឆ្នាំង ៖ ប្រជារាស្ត្រមួយគ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះអស់ ត្រូវបានលោក ចេង ចាន់ដូណា ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបរិបូណ៌ នាំយកអំណោយមួយចំនួនប្រគល់ជូន នៅល្ងាចថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣ ។
មន្ត្រីកាកបាទក្រហមបានឱ្យដឹងថា លោក ចេង ចាន់ដូណា ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបរិបូណ៌ រួមដំណេីរដោយមន្ត្រីអនុសាខា អាជ្ញាធរឃុំ បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសារដែលរងគ្រោះអគ្គីភ័យចំនួន ១គ្រួសារ រស់នៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
លោក ចេង ចាន់ដូណា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និងជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមសោកស្ដាយចំពោះការខូចខាត ព្រមទាំងវត្ថុមានតម្លៃដែលបាត់បង់ក្នុងគ្រោះអគ្គីភ័យនេះ ដែលជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋខិតខំរកបានដោយការងារសុចរិត ។
លោកបានបន្តថា សូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ ប្រឹងប្រែងបន្តទៅមុខទៀត ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឱ្យយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះឱ្យបានស្អាត ។
សម្ភារដែលចែកជូនគ្រួសាររងគ្រោះមាន អង្ករ៣០គីឡូ ,ទឹកត្រី១យួរ ,ទឹកស៉ីអ៉ីវ១យួរ ,មុង ១ ,កន្ទេល១ ,ភួយ ១ ,សារុង១ ,ក្រមា១ និង ថវិកាមួយចំនួន រួមជាមួយថវិកាផ្ទាល់ខ្លួនលោក អភិបាលស្រុក ២០០.០០០រៀល ៕ដោយ សំណាង៩៦