បរទេស ៖ លោក សឺហ្គេ រីយ៉ាបកូវ (Sergei Ryabkov) អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធទី២២មីនាឆ្នាំ២០២៣ថា ហានិភ័យនៃការប៉ះទង្គិចដោយអាវុធនុយក្លេអ៊ែរ គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយព្រមានថា រដ្ឋាភិបាលក្រុងមូស្គូកំពុងស្ថិតក្នុងជម្លោះបើកចំហជាក់ស្តែង ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
រុស្ស៊ីនិងអាមេរិក ពេលនេះមានសភាពកាន់តែអាក្រក់ទៅៗ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុន។កាលពីខែកុម្ភៈ រដ្ឋាភិបាលក្រុងមូស្គូ បានដកខ្លួនចេញពីសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START ជាមួយរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន។
លោករីយ៉ាបកូវ បាននិយាយថា «ពិភពលោកដែលគ្មានសន្ធិសញ្ញា START ៖ តើមានអ្វីកើតឡើងបន្ទាប់ទៀត», «គ្មានសំណួរ»អំពីរុស្ស៊ីស្ដារឡើងវិញនូវសន្ធិសញ្ញានាពេលនេះទេ ដោយបានរិះគន់អ្វីដែលលោកហៅថា «ផ្លូវអរិភាព»របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចំពោះរដ្ឋាភិបាលក្រុងមូស្គូ។
ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីលោកដោយនិយាយថា «ខ្ញុំមិនចង់ពិភាក្សាអំពីថាតើលទ្ធភាពនៃជម្លោះនុយក្លេអ៊ែរមានកម្រិតខ្ពស់នៅថ្ងៃនេះទេ ប៉ុន្តែវាខ្ពស់ជាងអ្វីដែលយើងធ្លាប់មានសម្រាប់ប៉ុន្មានទសវត្សរ៍កន្លងមកនេះ សូមនិយាយបែបហ្នឹងទៅចុះ»។
លោករីយ៉ាបកូវបាននិយាយថា រុស្ស៊ីបានប្តេជ្ញាចិត្តរក្សាពិភពលោកឱ្យ «មានសុវត្ថិភាពនិងសេរីភាព» ពីការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែបានបន្ថែមថា អ្វីៗមិនអាចបន្តដូចធម្មតាបានទេ ដោយសារតែរដ្ឋាភិបាលក្រុងមូស្គូឥឡូវនេះ បានស្ថិតក្នុងស្ថានភាពជាក់ស្តែងនៃជម្លោះបើកចំហជាមួយសហរដ្ឋអាមេរិក ៕(ប្រែសម្រួលដោយ លោកសំណាង)