ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហការ ជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីវេលា ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចំណុចផ្លូវលេខ១៣៦ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន នគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដឹកនាំសហការ ជាមួយនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងមូលដ្ឋានស្រុកឧដុង្គ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនដៃដល់បាន ។
ជនសង្ស័យឈ្មោះ វ៉ន រិទ្ធ បានសារភាពថា ខ្លួនពិតជាបាន ចាក់សម្លាប់ជនរងគ្រោះ ឈ្មោះ នុត សារឿង ប្លន់យក នាឡិកាដៃទូរស័ព្ទ១គ្រឿង និងម៉ូតូ០១គ្រឿង មែន។
គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី២១ ខែមិនាឆ្នាំ ២០២៣ មុនពេលកើតហេតុ ជនរងគ្រោះនៅផ្ទះក៏បានឃើញជនសង្ស័យកំពុងដើរ រួចក៏បានហៅមកចូលអង្គុយផឹកស៊ីជាមួយគ្នា។ មួយសន្ទុះមកស្រាប់តែពេលអង្គុយផឹក ជនសង្ស័យបានដកកាំបិតត្នោត ចាក់ទៅលើជនរងគ្រោះចំនួន១៥កាំបិត រួចយកសម្ភារៈ នាឡិកាដៃ ទូរស័ព្ទ១គ្រឿង និងម៉ូតូ០១គ្រឿង គេចខ្លួន មកស្នាក់នៅផ្ទះសង្សារនៅឯខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នជនសង្ស័យបានប្រគល់ ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី ៕ ដោយ ៖ គា សំណាង