កំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ ត្រូវនគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នៅចំណុចលើផ្លូវជាតិលេខ៥ មុខខ្លោងទ្វារសាលហួរខៀវ ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចឃាត់ជនសង្ស័យបាន២នាក់រួមមាន ទី១-ឈ្មោះស៊ន លីសៀងហៅជួង ភេទប្រុស ទីលំនៅភូមិអូរូង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និង ទី២-ឈឿន សុភា ហៅឈាងភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិត្រពាំងគ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបន្តថា ក្រោយទទួលបានការសារភាពពីជនសង្ស័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចបានបន្តឃាត់ឈ្មោះហ៊ុន ចាន់ឌឿន ហៅឌុន ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិត្រពាំងគឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ដកហូតវត្ថុតាង កាបូបមនុស្សស្រីមួយ , ទូរសព្ទ០១គ្រឿង, ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ឡើងឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1Z-6721 ដែលជនសង្ស័យធ្វើសកម្មភាពឆក់ពីជនរងគ្រោះខាងលើ ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ ប៊ុត យីឈាង ២១