តាកែវ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគប់កញ្ចក់រថយន្តអ្នកដទៃ២គ្រឿង នៅត្រង់ចំណុចភូមិត្រពាំងឫស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ត្រូវបាននគរបាលស្រុកបាទីឃាត់ខ្លួនថ្ងៃទី២១ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង៩យប់ហើយកំពុងកសាងសំណុំរឿងឡើងតុលាការ ចោទពីបទ«លួចមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា»។
សមត្ថកិច្ចនិយាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៣ថា ជនសង្ស័យឈ្មោះ សូត្រ ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិត្រពាំងឫស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវបានធ្វើសកម្មភាពយកដុំថ្មចំនួន២ដុំទំហំ ១៦សង់ទីម៉ែត្រ និង១ដុំទៀតទំហំ ៤សង់ទីម៉ែត្រគប់ទៅលើ កញ្ចក់រថយន្ត២គ្រឿងជារបស់ជនរងគ្រោះ២នាក់ផ្សេងគ្នា ។
សមត្ថកិច្ចបន្តថា រថយន្តទី១-ម៉ាកតូយ៉ូតា រ៉ាស់ ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-4277 របស់ជនរងគ្រោះឈ្មោះ យ៉ែម នាង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺបណ្តាលឱ្យបែកកញ្ចក់ខាងមុខចំនួន២កន្លែង និងរថយន្តទី២-ម៉ាកតូយ៉ូតា តាកូម៉ា ស៊េរីឆ្នាំ១៩៩៦ ពណ៌សំបកឪឡឹកពាក់ស្លាកលេខ ច៩៨៤១-ភព២ របស់ជនរងគ្រោះឈ្មោះ ប៉េង ណាន ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្លែងគង់ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បែកកញ្ចក់ទ្វារខាងមុខចំហៀងខាងឆ្វេងបម្រុងនិងលូកដៃយកទូរសព្ទដែលនៅក្នុងរថយន្តតែត្រូវបានប្រជាការពារប្រទះឃើញស្រែកឆោឡោជនសង្ស័យក៏រត់គេចខ្លូនបាត់ ។
សមត្ថកិច្ចបន្តទៀតថា បន្ទាប់មកកម្លាំងនគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសូរភី និងប្រជាការពារ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០ព្រឹក ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សូត្រ ចន្ថានិង ដកហូតវត្ថុតាង នៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ នាំមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ដោយ ប៉ូច គឹមសុខ